(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអំពាវនាវ និងលើកទឹកចិត្តដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកចូលរួមទាំងអស់យកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបឲ្យបានល្អប្រសើ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត។
បន្ថែមពីលើនេះលោក វង សូត ក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ដោយឡែកលោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក៏បានជំរុញលើទឹកចិត្តឱ្យភ្នាក់ងារសង្កេតការណ៍ទាំងអស់ យកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ បន្ថែមទៀតពីនីតិវិធី និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក វង សូត និងលោក ចាយ បូរិន ខណៈលោកទាំង២ អញ្ជើញជាអធីបតីក្នុងពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍ បោះឆ្នោត ប្រចាំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបមានចំនួន៨៩៩នាក់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាន នូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។
លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនិង ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់សមាជិកសមាជិការចូលរួមទាំងអស់បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយសាសនា ឬបក្សពួកឡើយ។
តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ ក៏បានណែនាំ និងចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។
លោក ចាយ បូរិន ក៏បានលើកឡើងផងដែរ ពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ ដែលត្រូវយកចិត្តទុកដាក់អនុវត្ត ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ដោយជំហរអព្យាក្រិត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕