(បាត់ដំបង)៖ គ្រូបង្គោលថ្នាក់ខេត្តបាត់ដំបង បានចុះមកបណ្តុះបណ្តាលដល់ភ្នាក់ងារ គណបក្សទាំងអស់ចំនួន១១២នាក់ មកពីឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ដែលជាមនុស្សសំខាន់ណាស់ និងជាតំណាងឲ្យគណបក្សប្រជាជន ដើម្បីបំពេញការងារក្នុងពេលបោះឆ្នោត២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

វគ្គបណ្តុះបណ្តាលនេះបាន​ធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការបក្សស្រុកថ្មគោល ក្រោមអធិបតីភាពលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល រួមទាំងមានការចូលរួម ពីសំណាក់គ្រូបង្គោល ប្រធានបក្សស្រុក និងសិក្ខាកាមទាំងអស់ផងដែរ។

លោកបានថ្លែងថា ការិយាល័​យបោះឆ្នោតទាំង២ឃុំ ក្នុងនោះនៅឃុំអូរតាគីមានការិយាល័យបោះឆ្នោតចំនួន៣០ការិយាល័យ និងឃុំតាម៉ឺនមាន ចំនួន២៦ការិយាល័យ ហើយភ្នាក់ងារគណបក្ស នយោបាយCPP ទាំង២ឃុំមានចំនួន១១២នាក់ ដែលជាមនុស្សសំខាន់បំផុត គឺជាតំណាងឲ្យបក្ស CPP ដោយប្អូនៗ ក្មួយៗ ត្រូវមានសេចក្តីក្លាហាន ក្នុងការបំពេញការងារតាមច្បាប់ នៅក្នុងការិយាល័យ ដែលឈរជើងនៅរៀងៗខ្លួន យើងជាតំណាងគណបក្សនេះ គឺមានសិទ្ធគ្រប់គ្រាន់ ក្នុងការការប្តឹងតវ៉ា ប្តឹងជំទា​ស់នៅការិយា​ល័យបោះឆ្នោតពេលមានភាពមិនប្រក្រតីណាមួយកើតឡើង យើងអ្នកជាទទួលខុសត្រូវ ហើយតំណាងបក្សយើង នេះក៏មានសិទ្ធ ចុះហត្ថលេខាលើកំណត់ហេតុរាប់សន្លឹកឆ្នោតក្នុងការិយាល័យដែលយើងប្រចាំការនោះដែរ។

លោកបានបញ្ជា​ក់ទៀតថា ដើម្បីពង្រឹ​​​ងនូវសមត្ថភាព ប្រសិទ្ធិភាពការងារជាភ្នាក់ងារបក្សប្រជាជន ឃុំទាំង២ បានចំណេះដឹងសម្រាប់យកទៅអនុវត្ត ការងារ​នៅ តាមការិយាល័​យរៀងៗខ្លួនធ្វើឲ្យបានល្អប្រ​សើរនោះ ថ្ងៃនេះមានលោកគ្រូវបង្គោល មកពីស្នាក់ការបក្សខេត្តចំនួន២នាក់ បានចុះមកបណ្តុះបណ្តាល ផ្ទាល់រយៈពេល១ព្រឹកផងដែរ។ លោកបានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំស្តាប់លោកគ្រូឧទ្ទេស ដើម្បីក្រេបយកចំណេះដឹងនាព្រឹកនេះ បានចេះ ចាំសម្រាប់យកទៅអនុវត្តឲ្យបានល្អ។

នាព្រឹកថ្ងៃដដែលនោះលោក សួស អង្គារ៍ បានបន្ត​ចុះទៅប្រជុំពង្រឹងការងារបន្ថែមដល់សមាជិកបក្សឃុំ សាខាបក្សភូមិសកម្មជន ទាំង៦៥នាក់ មកទាំង២ឃុំដើម្បីរៀបចំផែនការ ត្រៀមរៀបចំនៅថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ដ៏ខ្លីខាងមុខនេះដើម្បីជម្រុញឲ្យចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនៅថ្ងៃចុងក្រោយ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភ្នាក់​ងារគណបក្សទាំង១១២នាក់នេះ និងប្រជុំពង្រឹងសមាជិកបក្សឃុំទាំង២ ចំនួន៦៥នាក់នោះ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងបំពង់ទឹ​កក្តៅ១ រួមទាំងចែកអាវ និងមួកគណបក្សទុកសម្រាប់ចែកសមាជិកបក្សទាំងអស់ សម្រាប់ហែរក្បួនបើកយុទ្ធនាការថ្ងៃដំបូងទី៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះផងដែរ៕