(ព្រៃវែង)៖ លោក ដាំ វុទ្ធី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារស្រុកកញ្ជៀច ស្នើឲ្យប្រធាន អនុប្រធានក្រុមការងារចុះជួយ ឃុំគោកគង់កើត ខិតខំបម្រើប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍន៍មូលដ្ឋានបន្តទៀត ដើម្បីរក្សាបានជាឃុំលេខ១គំរូ ក្នុងស្រុកកញ្ជ្រៀច។
ក្នុងពិធីប្រកាសសមាសភាពប្រធាន អនុប្រធានទី១ ក្រុមការងារចុះជួយឃុំគោកគង់កើត នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លោក ដាំ វុទ្ធី ក្នុងនាមតំណាងលោក នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច។
លោក ដាំ វុទ្ធី បានថ្លែងថា «ឃុំគោកគង់កើត គឺជាឃុំលេខ១គំរូ ក្នុងស្រុកកញ្ជ្រៀច ដែលការបោះឆ្នោតកន្លងទៅមានសម្លេងគាំទ្រច្រើន ដូច្នេះហើយខ្ញុំស្នើឲ្យក្រុមការងារដែលទើបទទួល បានការតែងតាំងថ្មីនាពេលនេះ បន្តខិតខំយកអស់កម្លាំងកាយចិត្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើយ៉ាងកសាងអភិវឌ្ឍន៍ភូមិ-ឃុំ ឲ្យមានការរីកចម្រើន»។
ក្នុងឱកាសនោះលោក ដាំ វុទ្ធី បានផ្តាំផ្ញើឲ្យសមាជិក-សមាជិកាគណបក្សប្រជាជនទាំងអស់ ត្រូវយល់ច្បាស់អំពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីផ្សព្វផ្សាយបន្ត ឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខនេះ។
យ៉ាងណាក៏ដោយលោក ដាំ វុទ្ធី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ត្រូវបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនាធ្វើជាមន្រ្តីល្អ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ និងបន្តចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន។ លោកបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឲ្យខ្លួនឯង ជាពិសេសធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លោក ដាំ វុទ្ធី បញ្ជាក់ថា «កិច្ចចំពោះមុខមាន៣៖ ទី១៖ ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ទទួលបានជោគជ័យ ប្រកបដោយសេរី យុត្តិធម៌ សម្តាភាព និងគ្មានអំពើហិង្សា, ទី២៖ ចលនាឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតបានគ្រប់ៗគ្នា និងទី៣៖ បោះឆ្នោតជូនគណបក្សប្រជាជនដើម្បីបន្តដឹកនាំប្រទេសជាតិ»។
លោក ដាំ វុទ្ធី បានបញ្ជាក់ទៀតថា គិតមកដល់ត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល២៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ជាពិសេសបោះឆ្នោតឲ្យគណបក្សប្រជាជនបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅយើងបន្តទៅទៀត។
សូមជម្រាបថា លោក ឡោ សុឡេង ប្រធានក្រុមការងារឃុំចុងអំពិល ត្រូវបានតែងតាំងមុខងារបន្ថែមជាប្រធានក្រុមការងារឃុំគោកគង់កើត និងលោក ឆុំ ស៊ត ជាអនុប្រធានទី១ក្រុមការងារឃុំគោកគង់កើត នៃស្រុកកញ្រ្ជៀច៕