Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំពានបំរាម! អាជ្ញាធរខេត្តកំពង់ស្ពឺ​ ឃាត់រថយន្តដឹកដី ដឹកថ្ម១៤គ្រឿង បើកឆ្លងកាត់ស្ពានទ្រុឌទ្រោម និងផ្លូវជុំវិញសាលាខេត្ត ក្រោយចេញសេចក្តីជូនដំណឹង ឲ្យផ្អាកការឆ្លងកាត់បណ្តោះអាសន្ន

05-07-2018 11:43

(កំពង់ស្ពឺ)៖ តាំងពីព្រឹកព្រលឹមស្រាងៗ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ហុក ម៉ារ៉ាឌី អភិបាលក្រុង ចុះឃាត់រថយន្ត ដឹកថ្ម ដឹកដី ឆ្លងកាត់ស្ពានទ្រុឌទ្រោម និងផ្លូវជុំវិញសាលាខេត្តបានចំនួន១៤គ្រឿង យកមករក្សាទុកនៅសាលាក្រុងច្បារមន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

ប្រតិបត្តិការចុះទៅចាប់រថយន្តដឹកដី ដឹកថ្ម ខាងលើនេះ បានធ្វើឡើងក៏ដោយសារតែ កាលពីពេលកន្លងទៅ សាលាខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងពីការផ្អាកឆ្លងកាត់ស្ពាន និងផ្លូវជុំវិញសាលាខេត្ត ដើម្បីរៀបចំកែលំអរ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា បើទោះបីសាលាខេត្តចេញបំរាមយ៉ាងនេះក្តី​ តែក្រុមឈ្មួញមួយចំនួននៅតែបន្តបើករថយន្តដឹកដី ដឹកថ្ម ឆ្លងកាត់ ទើបអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាឲ្យអាជ្ញាធរចុះចាប់ឃាត់តែម្តង៕