Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន ចុះជួយខេត្តស្វាយរៀង អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ

05-07-2018 11:37

(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជារូបនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋជិត២០០០នាក់ នៅឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ដែលមានការចូលពីលោកអភិបាលស្រុកស្វាយជ្រុំ និងក្រុមការងារជាច្រើនរូបផងដែរ។

លោក មាស ប៊ុនឡី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រុំ ដល់អង្គពិធីទាំងមូលផងដែរ។

ជាមួយគ្នានេះ លោក មាស ប៊ុនឡី បានលើកឡើងថា សន្តិភាពដែលទទួលបានជិត៣០ឆ្នាំមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែមួយគត់ បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទរទេ ដោយចាប់ផ្តើមកសាង និងជម្រុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។

នៅក្នុងឱកាសនោះផងដែរ លោក មាស ប៊ុនឡី បានបញ្ជាក់ថា ដើម្បីបន្តរក្សាសន្តិភាព ជាពិសេស ធានាដល់ការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។ នៅក្នុងឱកាសនោះ លោក មាស ប៊ុនឡី និងលោកស្រីបានចែកជូនសារ៉ុងម្នាក់មួយ ដល់ប្រជាពលរដ្ឋដែលបានចូលផងដែរ៕