(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ របស់អ្នកនាង ឌុច សុភា គឺមានទស្សនិកជនច្រើនណាស់ ដែលបានស្គាល់នាង ខណៈតារាស្រីរូបនេះ នៅតែត្រូវបានទស្សនិកជនជាច្រើនគាំទ្រ បើទោះបីជាស្ងាត់ ពីសិល្បៈមួយរយៈក្តី។ យ៉ាងណាមិញ ថ្មីៗនេះ នាងស្រាប់តែបង្ហាញខ្លួនជាថ្មី ក្នុងខ្សែភាពយន្តភាគមួយ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ដែលមានចំណងជើងថា «ផ្កាថ្ម»។ ជាមួយគ្នានេះ ការស្ងប់ស្ងាត់ពីសិល្បៈរបស់នាង ក៏បានក្លាយជាចម្ងល់របស់ទស្សនិកជន ជាច្រើន។ មិនតែប៉ុណ្ណោះ នាងបានក្លាយជាតារាស្រីម្នាក់ ដែលធ្វើឲ្យទស្សនិកជន មានមន្ទិលជាច្រើនលើរូបនាង ជុំវិញរឿងរ៉ាវអតីតកាល ដែលល្បីថា នាងមានទំនាក់ទំនងស្នេហ៍ ជាមួយនឹងអ្នកនយោបាយដ៏ល្បីម្នាក់ ដែលមានឋានៈជាមេបក្ស ទៀតផង។

យ៉ាងណាមិញ ជុំវិញនូវការសង្ស័យ និងមន្ទិលទាំងនេះ តារាសម្តែងភាពយន្ត ដែលទស្សនិកសរសើរមិនដាច់ពីមាត់ថា សម្រស់បានរូបនេះ នឹងបង្ហាញខ្លួនមកបកស្រាយ គ្រប់អាថ៌កំបាំង ដែលទស្សនិកជនមិនទាន់បានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ ជាការពិត កាលពីមួយរយៈមុន អ្នកនាង ឌុច សុភា បានបាត់ខ្លូនពីពិភពសិល្បៈមួយរយៈ បន្ទាប់ពីត្រូវបានគេដឹងថា មានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់។ ជាមួយនឹងការរសាត់ពីសិល្បៈនេះ នាងត្រូវបានទស្សនិកជនជាច្រើន មានការនឹករឭក ខណៈរាល់ចម្រៀង ដែលនាងបានចូលរួមសម្តែង និងភាពយន្តនានា គឺពិតជាត្រូវចិត្តទស្សនិកជនផងដែរ ពោលគឺសម្តែងយ៉ាងសម ពោលពេញដោយសមត្ថភាព តែម្តង។

ឌុច សុភា មិនបានធ្វើឲ្យអ្នកគាំទ្រ ខកបំណងក្នុងការរងចាំវត្តមានរបស់នាងនោះទេ ខណៈថ្មីៗនេះ បានចូលប្រឡូក ក្នុងពិភពសិល្បៈជាច្រើន ដោយបានចូលរួមសម្តែងភាពយន្ត ក្នុងផលិតកម្មហង្សមាស មានចំណងជើងថា «ផ្កាថ្ន» និងថតចម្រៀង MV ជាច្រើនផងដែរ។

ជុំវិញមន្ទិលសង្ស័យរបស់ទស្សនិកជន ដើម្បីឲ្យពួកគេជ្រាបកាន់តែច្បាស់ ពាក់ព័ន្ធនឹងអាថ៌បាំងផ្សេងៗ អ្នកនាង ឌុច សុភា នឹងចូលខ្លួនមកបកស្រាយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ០៧ ខែកក្កដា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕