(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ នៅតែបន្តជឿជាក់លើគោលនយោបាយ និងបន្តចុះចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដោយមិនមានការបង្ខិតបង្ខំ ក្នុងពេលដែល ប្រទេសជាតិអាចរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។
ជាក់ស្តែង នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានការប្រកាសចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន៧៧៣នាក់ ក្រោមវត្តមានជាអធិបតីភាព លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
នាឱកាសនោះ លោក សុខ លូ បានលើកឡើងថា ការចុះចូលជាសមាជិករបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ គឺជាឆន្ទះពិតរបស់ប្រជាពលរដ្ឋ ដោយផ្ទាល់ ដោយមិនមានការបង្ខិតបង្ខំ ការគំរាមកំហែក ឬការផ្តល់នូវលាភសក្ការៈនោះទេ តែផ្ទុយទៅវិញវាគឺជាការមើលឃើញ និងជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជន ជាពិសេសគឺមានការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នាអណត្តិទី៥កន្លងមក ហើយវាក៏មិនមែនជារឿងចៃដន្យ ស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះដែរ។
លោកបានបញ្ជាក់ទៀតថា ទាំងអស់គឺនឹងអាចឈានទៅរក ភាពជោគជ័យនៅថ្ងៃបោះឆ្នោត ដែលសមាជិករបស់គណបក្សប្រជាជនកម្ពុជាម្នាក់ គឺជាសម្លេងឆ្នោត មួយសម្លេង នៃសន្លឹកឆ្នោត ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សមាជិកថ្មីរបស់គណបក្សប្រជាជន ដែលសម្រេចចិត្តមករួមរស់ជាមួយគ្នានេះ បានលើកឡើងដែរថា ការចុះចូលរបស់ពួកគាត់ធ្វើដោយស្ម័គ្រចិត្ត មិនមានជាការទិញដូរ ឬផ្តល់ជាលាភសក្ការៈអ្វីឡើយ។ ពួកគាត់បានលើកឡើងទៀងថា ក្នុងរយៈពេលកន្លងមក ការរស់នៅជាមួយគណបក្សផ្សេង ហាក់បីដូចជាមិនបានជាប្រយោជន៍ ក្នុងការទ្រទ្រង់នូវ ភូមិដ្ឋានរបស់ពួកគាត់ទាល់តែសោះ តែហាក់ដូចជា ចាញ់បោកនូវនយោបាយបោកប្រាស់ របស់មេគណបក្សទាំងនោះដោយមិនដឹងខ្លួនទៅវិញ។ ដូច្នេះពួកគាត់សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រគណបក្សប្រជាជន ដឹកនាំប្រទេសជាតិទាំងអស់គ្នា៕