(មណ្ឌលគិរី)៖ កូនឈើចម្រុះ និងឈើហូបផ្លែគ្រប់ប្រភេទចំនួន១៥០០ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរួម និងសិស្សានុសិស្ស បានរៀបចំដាំនៅទីតាំព្រលានយន្តហោះក្នុងទីធ្លាសួនច្បារ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងែទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាហត្ថកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា បុណ្យរុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្ដភាព និងមានផលប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាននូវម្លប់បៃតងឡើងវិញធ្វើឱ្យទីក្រុងស្អាត។
លោក សុង ឃាង បានបញ្ជាក់ទៀតថា «ផែនការឆ្នាំ២០១៨នេះ យើងដាំកូនឈើចំនួន១០០០ដើម មានប្រភេទកូនឈើ បេង, គ្រញូង, នាងនួន, គគី និងឈើទាល ហើយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើចំនួន១ពាន់ដើម ដាំនៅក្នុងទីធ្លាសួនច្បារចំនួន៥០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត យកទៅដាំតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីជាការបំផុសចលនា ដល់គូរស្រករថ្មីឱ្យដាំកូនឈើ ក្នុងម្នាក់មួយដើមក្នុងពេលប្រារព្វអាពាហ៍ពិពាហ៍ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ»។
ជាមួយគ្នានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការដាំដើមឈើពិតជាមានប្រយោជន៍ណាស់ ដូចនេះប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើស្រឡាញ់ជីវចម្រុះ សត្វព្រៃដើម្បីប្រែក្លាយតំបន់រស់នៅ ឱ្យមានគម្របពណ៌បៃតង ស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើបណ្តាលឱ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់ រានដុតឈូសឆាយដីព្រៃឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឱ្យបានច្រើន រួមទាំងឈើហូបផ្លែផងដែរ៕