(កណ្ដាល)៖ លោកសាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៥ ខែកក្កដា នេះ ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទឃាតកម្ម ចាក់សម្លាប់ប្រុសស្នេហ៍ប្លន់ទ្រព្យសម្បត្តិដើម្បីលោះប្តីចេញពីពន្ធនាគារ ។
ជនជាប់ចោទឈ្មោះផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះនួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សាមួយកន្លែងផង ជាមន្ត្រីយោធានៅអង្គភាពកងពលតូច ទ័ពពិសេសឆត្រយោង៩១១ផង និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ មានលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះមុខសមត្ថកិច្ច ស្ត្រីជនសង្ស័យឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមភេទ ស្របពេលនោះដោយសារតែនាងកំពុងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផង ណាមួយ ឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិតចង់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះតែម្តង។
ស្ត្រីសង្ស័យបានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិតចុងស្រួចលាក់ទុកក្នុងកាបូបរួចជាស្រេច។
លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមភេទ រហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់កើតហេតុ ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រប៉ុណ្ណេះពីកន្លែងដែលជនរងគ្រោះមកទទួលនាង។
ស្ត្រីសង្ស័យជាឃាតករ បានសារភាពបន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេករួចជាស្រេច លុះពេលជនរងគ្រោះចេញមកវិញ នាងក៏ចាប់ផ្តើម រួមភេទជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ លុះមានឱកាសនាងក៏ទាញកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះរមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ក្រោយសម្លាប់ជនរងគ្រោះហើយ នាងបានចូលទៅងូតទឹកសម្អាតខ្លួនរួច ទើបប្រមូលយកគ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដោយបានយកម៉ូតូទៅលក់ នៅហាងបញ្ចាំមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ ៕