(ភ្នំពេញ)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ តបតាមការអញ្ជើញរបស់ គ.ជ.ប នៃចក្រក្រភពអង់គ្លេស គណៈប្រតិភូ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កម្ពុជា ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នឹងវិលត្រឡប់មកមាតុប្រទេសវិញ វេលាម៉ោង៩៖០០នាទីយប់ នៅថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ (IVP)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះ។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅចក្រក្រភពអង់គ្លេស គណៈប្រតិភូ គ.ជ.ប កម្ពុជា បានជួបសវនាការជាមួយលោក Sir John HOLMES ប្រធាន គ.ជ.ប នៃចក្រក្រភពអង់គ្លេស នាទីក្រុងឡុងដ៍។

សូមជម្រាបថា គណៈប្រតិភូ គ.ជ.ប កម្ពុជា ដែលដឹកនាំដោយលោក ឌឹម សុវណ្ណារុំ នារាត្រីថ្ងៃទី២២ ខែមិថុនាកន្លង បានចេញដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រយៈពេល១សប្ដាហ៍ ដើម្បីជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយ លោក Sir John HOLMES ប្រធាន គ.ជ.ប នៃចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការអញ្ជើញរបស់ គ.ជ.ប អង់គ្លេស សបញ្ជាក់ឱ្យឃើញថា ជាការបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ច​សហប្រតិបត្តិការជាមួយប្រទេសមួយនៅអឺរ៉ុប ដែលមានបទពិសោធន៍តាំងពីបុរាណកាលក្នុងការរៀបចំការបោះឆ្នោត ហើយជាប្រទេសសមាជិកអចិន្ត្រៃយ៍នៅក្នុងអង្គការសហប្រជាជាតិទៀតផង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗអំពីការបោះឆ្នោតនៅចក្រភពអង់គ្លេស៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖