(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើកបណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល២នាក់ និងរបួសធ្ងន់១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្តតូច៦គ្រឿង រថយន្ដធុនធំ២គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈ៤ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១៩នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន៣៣នាក់ និងស្រាលចំនួន២០នាក់៕