(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ ត្រៀមលក្ខណ:ទុកជាមុន​ ដោយមានផែនការត្រឹមត្រូវ សម្រាប់អន្តរាគមន៍ និងផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ប្រសិនបើមានគ្រោះមហន្តរាយទឹកជំនន់ ក្នុងរដូវភ្លៀងដែលកំពុងតែធ្លាក់មកជាបន្តបន្ទាប់នេះ​ ។

រដូវភ្លៀងបានមកដល់ហើយ ក៏កំពុងតែបង្អោរធ្លាក់មកយ៉ាងខ្លាំង នៅតាមតំបន់មួយចំនួន​ ដែលនឹងអាច​មានទឹកជំនន់កើតមានឡើង​នៅក្នុងឆ្នាំនេះ​ បើយោងតាមការព្យាករណ៍ឧតុនិយម លើអាកាសធាតុ​  និងយោងតាមបទពិសោធន៍ពីគ្រោះមហន្តរាយ ដោយសារទឹកជំនន់នាឆ្នាំមុនៗ ហើយដើម្បីត្រៀមលក្ខណៈទុកជាមុន​ លោកសាស្ត្រាចារ្រ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានផ្តាំផ្ញើណែនាំ ឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ រៀបចំផែនការត្រឹមត្រូវ សម្រាប់គ្រប់គ្រងកាត់បន្ថយនូវហានិភ័យដោយសារទឹកជំនន់​ និងជួយអន្តរាគមន៍ ផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា​ ប្រសិនបើមានគ្រោះមហន្តរាយទឹកជំនន់កើតមានឡើង ក្នុងរដូវភ្លៀងដែលកំពុងតែធ្លាក់មក ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។  

នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាអគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីវេជ្ជបណ្ឱិត ឱ វណ្ណឌីន​ ដែលបានពាំនាំនូវអនុសាសន៍ណែនាំរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយនៃមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់​ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក​សិក្ខាសាលាពង្រឹងសមត្ថភាពសហគមន៍ ស្តីពី ការកាត់បន្ថយផល​ប៉ះពាល់សុខភាព ដោយសាការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅថ្ងៃទី​០៤​ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារហូលីដេ ទីរួមខេត្តបាត់ដំបង។   

លោកស្រី បានគូសបញ្ជាក់ និងពន្យល់ណែនាំផងដែរថា​ ដើម្បីផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្រ្តីសុខាភិបាល លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ​ ព្រមទាំងការត្រៀមរៀបចំផែនការពាក់ព័ន្ធនឹងការជួយអន្តរាគមន៍សុខភាពនៅពេលមានទឹកជំនន់ ហើយការប្រែប្រួលអាកាសធាតុ ជាបាតុភូតឌីណាមិកផង និងបាតុភូតប្រព្រឹត្តកម្ម ដោយសារមនុស្សផង ហើយសូម្បីតែមនុស្ស ក៏មានការប្រែប្រួលខ្លួនពីទារក ទៅកុមារ ទៅពេញវ័យ ទៅវ័យចាស់ជរា​ ។ដូចគ្នានេះដែរ កត្តាធម្មជាតិក៏មានការប្រែប្រួលផងដែរ ប៉ុន្តែវាមានលំនាំផ្សេងៗគ្នា មានកត្តាធម្មជាតិ និងកត្តាមនុស្សកត្តាធម្មជាតិ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្រ្តាក់ រន្ទះបាញ់ជាដើម ។

កត្តាមនុស្ស ដូចជាការអភិវឌ្ឍន៍ឆាប់រហ័ស លើឧស្សាហកម្ម ដែលអាចមានការបច្ចេញនូវឧស្ម័នបំពុលបរិស្ថាន​ និងឧស្ម័នដែលអាចធ្វើឲ្យឡើងកំដៅផែនដី​ ការសាងសង់អាគារធំៗ ដែលអាចនឹងមានការទុកដាក់កាកសំណល់ និងការបង្ហូរទឹកស្អុយ ពុំបានត្រឹមត្រូវ និងខ្វះការ ប្រុងប្រយ័ត្នធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពជាដើម ។ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ទៅលើគ្រោះទឹកជំនន់ ព្រោះរដូវនេះ ជារដូវវស្សាអាចនឹងទទួលរងនូវទឹកជំនន់​ ហើយនៅពេលដែលមានទឹកជំនន់ ធ្វើឱ្សមាន​បញ្ហាសុខភាពដូចជា​ ជំងឺបង្ករ​ឡើងដោយសារទឹកមិនស្អាត​ ការពុលចំណីអាហារ ជំងឺរាគ អាសន្នរោគ ជំងឺដែលបង្ករឡើងដោយភ្នាក់ងារចម្លងមាន គ្រុនចាញ់ គ្រុនឈាម និងជំងឺរមាស់ ភ្នែកក្រហម រលាកផ្លូវដង្ហើម  របួសដោយសារការប៉ះទង្គិចនឹងវត្ថុផ្សេងៗ​ ពស់ចឹក លង់ទឹក និងវិបត្តិផ្លូវចិត្តផងដែរ ។

លោកស្រីវេជ្ជបណ្ឌិតថ្លែងបន្ដថា អ្នកដែលងាយរងគ្រោះជាងគេ គឺ ស្រ្តីមានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ ដូច្នេះ គ្រប់មន្ដ្រីទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការត្រៀមឆ្លើយតប រួមមាន ទីទួលសុវត្ថភាព ទឹកស្អាត  ក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខា ថ្នាំពេទ្យ សម្រាប់ជួយសង្គ្រោះជនរងគ្រោះដោយ សារទឹកជំនន់ជាពិសេស ការអប់រំ សុខភាព និងសុវត្ថិភាពចំណីអាហារ និងសុខភាពផ្លូវចិត្ត ។

លើសពីនេះ ត្រូវផ្តល់នូវសេវាសុខភាព ជូនប្រជាពលរដ្ឋរងគ្រោះ ប្រសិនបើទោះជាមានទឹកជំនន់កើតមានឡើងក៏ដោយ​ ព្រោះប្រជាពលរដ្ឋនឹងអាចមានបម្លាស់ទី ទៅនៅតាមទីទួលសុវត្ថិភាព ដូច្នេះសេវាពិនិត្យផ្ទៃពោះ​ និងចាក់ថ្នាំបង្ការដល់កុមារ​ គឺត្រូវតែធ្វើជាចាំបាច់​ ដោយក្រុមគ្រូពេទ្យចល័តទៅដល់ទីស្នាក់នៅរបស់ពួកគាត់ ។

សូមជម្រាបថា សិក្ខាសិលានេះ​ មានការអញ្ជើញចូលរួមពីតំណាងគណកម្មការគ្រប់គ្រងគ្រោះមហន្តរាយ​ តំណាងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន​ ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយនៃនាយកដ្ឋានការពារសុខភាព របស់ក្រសួងសុខាភិបាល​ បុគ្គលិកមន្ត្រីសុខាភិបាលមកពីខេត្តចំនួន១៥​ និងតំណាងអង្គការសុខភាពពិភពលោកផងដែរ​ ៕