(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០១៧ អនុបាតចំណេញសុទ្ធ (ផលធៀបនៃប្រាក់ចំណេញសុទ្ធ និងចំណូល) របស់ភាគហ៊ុនទាំងប្រាំ ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ជាមធ្យមគឺ ១៤.៥៨% ដែលក្នុងនោះ អនុបាតចំណេញសុទ្ធនៃភាគហ៊ុន PWSA  គឺ ១៤.២០%, ភាគហ៊ុន GTI ០.៨២% , ភាគហ៊ុន PPAP ២៨.៤៤%, ភាគហ៊ុន PPSP ១៨.៤០% និង ភាគហ៊ុន PAS ១១.០៦%។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៨នេះ។

គួរឲ្យកត់សម្គាល់ផងដែរថា អនុបាតចំណេញសុទ្ធជាមធ្យមសម្រាប់ផ្សារទាំងមូលបានឡើងខ្ពស់រហូតដល់ជិត ២០% កាលពីឆ្នាំ២០១៥ មុននឹងធ្លាក់ចុះមកត្រឹម ១៦.៨៨% នៅឆ្នាំបន្ទាប់។

ទោះបីជាមានការធ្លាក់ចុះនៃតួរលេខអនុបាតចំណេញសុទ្ធរបស់ភាគហ៊ុននីមួយៗក្នុងរយៈពេល ៣ឆ្នាំ នេះក្តី (២០១៥-២០១៧) គេសង្កេតឃើញថាអនុបាតចំណេញសុទ្ធនៃ ភាគហ៊ុន PPAP មានការកើនឡើងជាលំដាប់រហូតដល់ទៅ ២៨.៤៤% នៅឆ្នាំ២០១៧ ជាតួលេខមួយដែលខ្ពស់បំផុត បន្ទាប់ពីភាគហ៊ុន PWSA ដែលធ្លាប់ធ្វើបានចំនួន ២៩.៧៦% នៅឆ្នាំ២០១៥។

បើពិនិត្យមើលលើបម្រែបម្រួលថ្លៃភាគហ៊ុនវិញ ភាគហ៊ុន GTI គឺជាភាគហ៊ុនដែលមានបម្រែបម្រួលថ្លៃខ្លាំងជាងគេ ក្នុងកំឡុងពេល ៣ឆ្នាំចុងក្រោយនេះ ពោលគឺមានគម្លាតថ្លៃរហូតដល់ ៥,០៥០រៀល ដែលក្នុងនោះថ្លៃធ្លាប់ឡើងខ្ពស់បំផុតដល់ ៧,១៨០រៀល និងធ្លាក់ចុះទាបបំផុតដល់ ២,១៣០រៀល។ ខណៈដែលថ្លៃនៃភាគហ៊ុន PWSA ធ្លាប់កើនឡើងដល់ចំណុចខ្ពស់បំផុត រួចធ្លាក់ចុះមកវិញនៅប្រហែលពាក់កណ្តាលឆ្នាំ ២០១៥  ថ្លៃបានស្ថិតនៅថេររហូតដល់ចុងគ្រា ប្រហាក់ប្រហែលនឹងស្ថានភាពភាគហ៊ុនផ្សេងទៀតដូចជា PPAP, PAS និង PPSP ដែលមានថ្លៃមិនសូវប្រែប្រួលខ្លាំង។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ចំពោះបរិមាណជួញដូរនៃភាគហ៊ុននីមួយៗ តួរលេខបានបង្ហាញថាការជួញដូរភាគហ៊ុន PWSA មានបរិមាណល្អបង្គួរ ប៉ុន្តែធ្លាក់ចុះបរិមាណបន្តិចបន្តួចក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ផ្ទុយស្រឡះពី ភាគហ៊ុន PPAP ដែលមានទំហំជួញដូរកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ចំណែកឯ ភាគហ៊ុន GTI មានការជួញដូរពីមធ្យមទៅបង្គួរ ខណៈដែលភាគហ៊ុន PAS ដែលបានចុះបញ្ជីនៅខែមិថុនា ឆ្នាំ២០១៧ មានបរិមាណជួញដូរតិចតួចសម្រាប់ឆ្នាំ២០១៧។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ភាគហ៊ុន PPSP ដែលបានចុះបញ្ជីនៅពាក់កណ្តាលឆ្នាំ ២០១៦ មានបរិមាណជួញដូររហូតដល់ ២លានភាគហ៊ុនក្នុងឆ្នាំ២០១៧ ដែលជាចំនួនច្រើនជាងគេបង្អស់។

សូមជម្រាបថា​ លោកអ្នកអាចអាចស្វែងរកព័ត៌មានបន្ថែមនៃភាគហ៊ុននីមួយៗនៅក្នុងសៀវភៅ «ព័ត៌មានអំពីភាគហ៊ុនឆ្នាំ២០១៨»។ សៀវភៅព័ត៌មានអំពីភាគហ៊ុន ត្រូវបានបោះផ្សាយជារៀងរាល់ឆ្នាំ និងមានរួមបញ្ចូលនូវព័ត៌មានលម្អិតរបស់ក្រុមហ៊ុនចុះបញ្ជីនៅ CSX សម្រាប់ជាជំនួយក្នុងការសម្រេចចិត្តវិនិយោគ។

សៀវភៅនេះរួមមានព័ត៌មានអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន, របាយការណ៍ហិរញ្ញវត្ថុ, សមាសភាពថ្នាក់ដឹកនាំក្រុមហ៊ុន និងគោលនយោបាយភាគលាភ, ស្ថិតិជួញដូរ និងអនុបាតហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ដែលឆ្លុះបញ្ចាំងពីស្ថានភាពអាជីវកម្ម និងការជួញដូររបស់ក្រុមហ៊ុនចុះបញ្ជី។ បន្ថែមពីលើនេះ ការបោះផ្សាយសម្រាប់ឆ្នាំ២០១៨នេះ បានបញ្ចូលបន្ថែមនូវការប្រៀបធៀបអនុបាត, បម្រែបម្រួលថ្លៃភាគហ៊ុន និងទំហំនៃការជួញដូរ របស់ភាគហ៊ុនទាំងអស់សម្រាប់រយៈពេលបីឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៥ ដល់ ២០១៧។

ដើម្បីទទួលបាន សៀវភៅព័ត៌មានអំពីភាគហ៊ុនឆ្នាំ២០១៨នេះ និងការបោះផ្សាយឆ្នាំមុនៗ សូមចូលទៅកាន់គេហទំព័រ www.csx.com.kh ឬទំនាក់ទំនងទៅកាន់ក្រុមហ៊ុនមូលបត្រណាមួយដែលជាសមាជិករបស់ CSX ដោយផ្ទាល់៕