(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៥២។

បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក. ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

*របៀបវារៈទី១៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្ម-សិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក (PESTECH (CAMBODIA) PLC.) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PESTECH International Berhad ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី ព្រមទាំងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រម៉ាឡេស៊ី Bursa Malaysia Berhad ផងដែរ។ ក្រុមហ៊ុនផ្តល់សេវាកម្មសំខាន់ៗ ផ្នែកវិស្វកម្មប្រព័ន្ធថាមពលអគ្គិសនី ដំណោះស្រាយបច្ចេកទេស និងផ្គត់ផ្គង់បរិក្ខារប្រព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា។ ក្រុមហ៊ុនត្រូវបន្តនីតិ វិធីនៃការធ្វើប៊ុកបៀលឌីង (Book-building) រៀបចំសំណើលក់ និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានជាស្ថាពរអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

*របៀបវារៈទី២៖ អនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណឈ្នួញជើងសាឧបករណ៍និស្សន្ទរបស់ ទី១៖ ក្រុមហ៊ុន ១០០ ហេ្វន តួហ្ស៊ី ឯ.ក, ទី២៖ ក្រុមហ៊ុន វីមែកស៍ ហ្វាយនែនសល គ្លូប៊ល អ៊ិនវេសម៉ិន ម.ក, ទី៣៖ ក្រុមហ៊ុន អេ អ អូ អិន អ៊ី អិច ឯ.ក, ទី៤៖ ក្រុមហ៊ុន ហ័រ ហ្សុង ឌីង សេង អ៊ិនវេសម៉ិន ឯ.ក, ទី៥៖ ក្រុមហ៊ុន ប្រូកឃើរ ជេត ឯ.ក, ទី៦៖ ក្រុមហ៊ុន ទ្បាយអិន ឃែភីថល មេនេចម៉ិន ឯ.ក, ទី៧៖ ក្រុមហ៊ុន យូអេជី ត្រេដ (ខេមបូឌា) ឯ.ក, និងទី៨៖ ក្រុមហ៊ុន អេអិលធី អេចខេ អ៊ិនធើណេសិនណល ឯ.ក។

*របៀបវារៈទី៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើការផ្តល់ការទទួលស្គាល់ធនាគារកម្ពុជាសាធារណៈ ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

*របៀបវារៈទី៤៖ អនុម័តលើសេចក្តីព្រាងប្រកាសស្ដីពីការផ្ដល់ការអនុញ្ញាតដល់ក្រុមហ៊ុនចែកចាយលក់មូល-បត្រ និងភ្នាក់ងារចែកចាយលក់មូលបត្រ៕