(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងថា ដរាបណាស្ថានភាពនយោបាយនៅតែរក្សាលំនឹងល្អ វិស័យដីធ្លីគ្មានថ្ងៃជាប់គាំងឡើយ មានតែបន្ដឡើងថ្លៃជារៀងរហូត ហើយអ្វីដែលធ្វើឲ្យពលរដ្ឋខ្លាចនោះ គឺការផ្លាស់ប្ដូរនយោបាយ ដែលធ្វើឲ្យវិស័យនេះជួបបញ្ហា។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិកាស្ដីពី «ការធ្វើអាជីវកម្មអចលទ្រព្យ ក្នុងប្រទេសកម្ពុជាក្នុងថ្ងៃអនាគត» នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
លោកបណ្ឌិតបានលើកឡើងថា ក្នុងប្រទេសដែលរីកចម្រើនមាន GDP (ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់) លើសពី២ម៉ឺនដុល្លារឡើងទៅ មានប្រជាជន៩៥% បញ្ចប់មហាវិទ្យាល័យ ចាត់ទុកថាជាប្រទេសអភិវឌ្ឍន៍ ដែលសេដ្ឋកិច្ចដឹកនាំនយោបាយ ហើយក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ជា ប្រទេសដែលនយោបាយ ដឹកនាំសេដ្ឋកិច្ច ជាស្ដែងដូចក្នុងប្រទេសកម្ពុជា ប្រសិនបើមានការផ្លាស់ប្ដូរនយោបាយ ទើបជារឿងមួយដែលគួរឲ្យបារម្ភ តែប្រទេសកម្ពុជាជាប្រទេស ដែលមានស្ថេរភាពនយោបាយរឹងមាំល្អ....ជាក់ស្ដែងដូចឆ្នាំនេះ ជានីតិកាលទី៦ នៃការបោះឆ្នោត តែគ្មានចំណុចណាមួយ ដែលគួរឲ្យព្រួយរម្ភលើវិស័យអចលវត្ថុនោះឡើយ។
លោកបានបន្ដទៀតថា «លំនឹងនយោបាយល្អនេះហើយ ដែលធ្វើឲ្យបរទេសនាំគ្នា មកវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះប្រទេសណា ដែលមានលំនឹងនយោបាយល្អ នោះគេនឹងមកវិនិយោគច្រើនឡើងៗ»។
សូមបញ្ជាក់ថា កន្លងទៅមានមតិព្រួយបារម្ភជាច្រើនពាក់ព័ន្ធ នឹងការធ្លាក់ចុះ ឬជាប់គាំលើវិស័យដីធ្លី ព្រោះថា ឆ្នាំនេះជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ក្នុងនោះដែរ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ធ្លាប់បានឲ្យដឹងនាពេលកន្លងថា រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយបង្ហាញពី ការប្រែប្រួលទៅលើតម្លៃ នៃអចលវត្ថុនោះឡើយ ទោះបីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នីតិកាលទី៦ នឹងឈានចូលមកដល់នាពេលឆាប់ៗក៏ដោយ៕