(ភ្នំពេញ)៖ លោក NGUYEN HU DUNG វេជ្ជបណ្ឌិតឯកទេស ត្រចៀក ច្រមុះ និងបំពង់កមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ថា អ្នកជំងឺដែលមានបញ្ហា និងកើតជំងឺរលាកច្រមុះ ដក់ខ្ទុះក្នុងច្រមុះ ច្រមុះដុះសាច់ និងឬសដូង ដោយមិនទៅព្យាបាលឲ្យត្រឹមត្រូវ ហើយប្រើពេលវេលាយូរ មុននឹងសម្រេចចិត្តទៅព្យាបាលនោះ អាចនឹងឈានដល់កើតជំងឺរលាកស្រោមខួរក្បាល និងអាប់ហ្សែខួរក្បាល ដែលជាជំងឺកាចសាហាវម្យ៉ាង កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងសម្រាប់មនុស្សកើតជំងឺប្រភេទនេះ។

ការបញ្ជាក់របស់លោក NGUYEN HU DUNG ធ្វើឡើងនៅថ្ងៃទី៤​ ខែកក្កដា ឆ្នាំ២០១៨ មុនពេលពិនិត្យ និងព្យាបាលជូនអ្នកជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដោយប្រើម៉ាស៊ីនអង់ដូស្កុប ដែលមន្ទីរពេទ្យជោរៃ ទើបនឹងនាំចូលពីបរទេស។

លោក NGUYEN HU DUNG វេជ្ជបណ្ឌិតឯកទេស ត្រចៀក ច្រមុះ និងបំពង់កមន្ទីរពេទ្យជោរៃភ្នំពេញ បានបញ្ជាក់ទៀតថា មូលហេតុនាំឲ្យកើតជំងឺ រលាកច្រមុះ ដក់ខ្ទុះក្នុងច្រមុះ ច្រមុះដុះសាច់ និងឬសដូង គឺភាគច្រើនបណ្តាលមកពីអាកាសធាតុ ដែលនាំឲ្យជំងឺមុនដំបូងរលាកច្រមុះបែបធម្មតា រហូតអាចឈានទៅដល់រលាករ៉ាំរ៉ៃហើយវានឹងនាំឲ្យរលាកដល់ខាងក្នុងឆ្អឹង ហើយបង្កជាដក់ខ្ទុះ ក្នុងច្រមុះ ហើយជំងឺប្រភេទនេះ កើតមានឡើងចំពោះមនុស្សមានវ័យ ចាប់ពី៦ឆ្នាំឡើងទៅ។

លោកបន្តទៀតថា «ជំងឺរលាកច្រមុះ ដក់ខ្ទុះក្នុងច្រមុះ ច្រមុះដុះសាច់ និងឬសដូង បើមិនទៅព្យាបាលឲ្យត្រឹមត្រូវ និងទាន់ពេលវេលានោះទេ អាចនឹងឈានដល់កើតជំងឺរលាកស្រោមខួរក្បាល និងអាប់ហ្សែខួរក្បាល ជាប្រភេទជំងឺកាចសាហាវម្យ៉ាងផងដែរ»

លោកបន្តថា​ បញ្ហាជំងឺក្នុងច្រមុះ គឺអាចឆ្លងតាមរយៈការប្រើប្រាស់របស់រួមគ្នា ដោយមានកំហាកសំបោររបស់អ្នកជំងឺ ទៅជាប់នឹងច្រមុះអ្នកមិនទាន់កើតជំងឺ ហើយពិសេសគឺការប្រើកន្សែងរួមគ្នា ក៏ប៉ុន្តែមិនប្រាកដថា វានឹងអាចឆ្លង១០០ភាគរយនោះទេ មិនដូចនឹងការឆ្លងប្រភេទជំងឺសួត និងថ្លើមនោះទេ។

ក្រៅពីនេះលោកវេជ្ជបណ្ឌិត ក៏បានរៀបរាប់ពីបច្ចេកទេសព្យាបាលជំងឺជំនាន់មុន និងបច្ចុប្បន្នផងដែរថា កាលពីមុនការវះកាត់ទាក់ទង ដុះសាច់ក្នុងច្រមុះ ដោយមិនទាន់មានម៉ាស៊ីនថតឆ្លុះ គឺគេវះសើយពីបបូរមាត់ឡើង ហើយគេដាប់ច្រឹបឆ្អឹង លូកយកសាច់ដុះ ឬសដូង និងខ្ទុះក្នុងច្រមុះ។

លោកបន្តទៀតថា ការព្យាបាលដោយប្រើម៉ាស៊ីន អង់ដូស្កុប ឆ្លុះចូលតាមរន្ធច្រមុះ ទៅចាប់យកខ្ទុះ និងកាត់ដុះសាច់តែម្ដង ហើយក្រោយពេលព្យាបាលរួច អ្នកជំងឺអត់មានហើម អត់ឈឺចាប់ សឹងតែដូចមនុស្សធម្មតា ។

លោកបញ្ជាក់ថា «ក្នុងករណីប្រើបច្ចេកទេសទំនើប អង់ដូស្កុបហ្នឹង ក្រោយវះកាត់ អាចក្នុងថ្ងៃវះកាត់ អាចចេញពីពេទ្យបាន ឬមួយធ្ងន់អាច ២ថ្ងៃ ចេញពីពេទ្យបានហើយ ។ ប៉ុន្តែបើសិនជាវះសម័យមុន ក្រោយពេលវះសម្រាកនៅពេទ្យមួយអាទិត្យ បានអាចចេញពីពេទ្យទៅបាន»

សូមជម្រាបជូនថា មន្ទីរពេទ្យជោរៃភ្នំពេញ ទើបតែនាំចូលនូវប្រភេទម៉ាស៊ីនអង់ដូស្កុប ហើយម៉ាស៊ីនប្រភេទនេះសម្រាប់ព្យាបាល អ្នកជំងឺដែលមានរោគ រលាកច្រមុះ ដក់ខ្ទុះក្នុងច្រមុះ ច្រមុះដុះសាច់ និងឬសដូង។ ម៉ាស៊ីនទើបនឹងនាំចូលពីបរទេសនេះ ព្យាបាលដោយមិនមានការវះកាត់ និងមិនប្រើពេលវេលាយូរនោះទេ ដូចការព្យាបាលជំនាន់មុននោះទេ៕