(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម បានស្នើសុំឲ្យសមាជិក-សមាជិក របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងខេត្តកំពង់ចាម ត្រូវខិតខំការពារសុខសន្ដិភាព ឲ្យបានល្អប្រសើរ កុំឲ្យក្រុមណា បុគ្គលណា ឬគណបក្សណា មកបំផ្លាញជាដាច់ខាត។
ការស្នើសុំយ៉ាងដូច្នេះ របស់ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងគរ ឃុំព្រីង ឃុំព្រៃចារ និងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួម សរុបប្រមាណ៤០០នាក់។
ថ្លែងក្នុងពិធីនោះ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម បានស្នើសុំឲ្យសមាជិក-សមាជិកា គណបក្សប្រជាជនទាំងអស់ ធ្វើយ៉ាងម្ដេចខិតខំថែរក្សាសន្ដិភាព ស្ថេរភាព សង្គមមួយនេះ ឲ្យបានល្អប្រសើរ កុំឲ្យបុគ្គលណា ក្រុមណា បក្សពួកណា ឬក៏គណបក្សណា មកបំផ្លាញសុខសន្ដិភាព ប្រទេសកម្ពុជា បាននោះឡើយ។
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបញ្ជាក់ថា សុខសន្ដិភាព ដែលបានមកដល់សព្វថ្ងៃនេះ គឺបានមក ពីជីដូ-ជីតា ឪពុក-ម្ដាយ គណបក្សប្រជាជនកម្ពុជា ដែលខិតខំថែរក្សារហូតមកដល់សព្វថ្ងៃ, ជារួមគណបក្ស ប្រជាជនកម្ពុជា តស៊ូខ្លាំងណាស់ រហូតដល់យកអាយុជីវិត ដើម្បីបញ្ចប់សង្គ្រាម ដើម្បីរំដោះប្រទេសកម្ពុជា ឲ្យរួចផុតអំពីរបបសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានជំរុញដល់សមាជិក-សមាជិកាបក្ស ត្រូវពង្រឹងសមត្ថភាពការងារ ឲ្យសកម្មបន្ថែមទៀត ដើម្បីបំពេញកាតព្វកិច្ច បម្រើប្រជាពលរដ្ឋ ពិសេសដោះសា្រយនូវបញ្ហា ដែលកើតមានឡើង នៅក្នុងភូមិ-ឃុំរបស់ខ្លួន ឲ្យទាន់ពេលវេលា។
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទាំងអស់ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ ឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅយើងបន្តទៅទៀត៕