(ភ្នំពេញ)៖ ក្នុងគោលដៅដើម្បីបម្រើលើវិស័យ ដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីពេញ និងតំណាងអង្គការចៃការ នៃប្រទេសជប៉ុន បានអញ្ជើញចុះពិនិត្យ និងជិះសាកល្បងរថយន្តថ្មីនេះ ដែលបានរក្សាទុកនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។

លោក ឃួង ស្រេង បានលើកឡើងថា ដោយមើលឃើញស្ថានភាពកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ខាងអង្គការ ចៃការរបស់ប្រទេសជប៉ុន បានសម្រេចផ្តល់ជូន៨០គ្រឿង ក្នុងនោះក្នុងជំហានទី១ ជប៉ុនផ្តល់ឲ្យ២០គ្រឿងនេះ, ជំហានទី២ បន្តប្រគល់ជូនចំនួន២០គ្រឿង, ទី៣ ចំនួន២០គ្រឿង និងទី៤ បំណាច់ឆ្នាំនេះប្រគល់ជូន២០គ្រឿងទៀត បង្គ្រប់តែម្តង។

លោកបន្តថា «បើយើងដំណើរការទៅបានរលូន ទទួលបានប្រជាពលរដ្ឋជិះកាន់តែច្រើន រួមនិងការបន្ថែមខ្សែរត់ទៀតនោះ ប្រទេសជប៉ុន នឹងផ្តល់រថយន្តក្រុងមករាជធានីភ្នំពេញយើង ចំនួន៦០ គ្រឿងបន្ថែមទៀត។ មកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញ មានខ្សែរត់របស់រថយន្តក្រុងចំនួន៩ខ្សែហើយ ហើយក្នុងចំនួន៩ខ្សែនេះ មាន៤ខ្សែ ដែលប្រជាពលរដ្ឋពេញនិយមជិះ។ ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងនេះ កាត់បន្ថយហានិភ័យ នៃការគ្រោះថ្នាក់បានច្រើន មានផាសុកភាព ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍរីកចំរើន»

លោកស្នើឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការចូលរួមរបស់បងប្អូន គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខ្លួនឯង និងអភិវឌ្ឍប្រទេសជាតិ យើងឲ្យបានរីកចំរើនឆាប់រហ័ស។

លោក អ៊ាន សុឃីម ប្រធានរដ្ឋាករស្វ័យត ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្កើតរថយន្តក្រុងឡើងនេះ ដោយសារតែកំណើនប្រជាជន ជាមួយកំណើន យានយន្តកើនឡើងខ្ពស់ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបង្កើតឲ្យមានរថយន្តក្រុងនេះឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានរថយន្ត
៥៧គ្រឿង។

ក្រោយមកទៀត ពោលគឺក្រោយពីទទួលអំណោយរថយន្តក្រុង១០០គ្រឿង ពីប្រទេសចិនធ្វើឲ្យកំណើនខ្សែរត់កើនឡើងដល់៩ខ្សែ ដោយក្នុង១ថ្ងៃ មានអ្នកជិះចាប់ពី២០០០០នាក់ ទៅ២១០០០នាក់ ហើយនៅពេលទទួលបានរថយន្តក្រុងពីជប៉ុន២០គ្រឿង ក្នុងចំណោម៨០គ្រឿងទៀតណោះ រដ្ឋបាលរាជធានី នឹងបន្ថែមខ្សែរត់ផងដែរ ដែលអាចដោះស្រាយការកកស្ទះចរាចរណ៍ បរិស្ថាន និងធ្វើឲ្យក្រុងមានភាពស៊ីវិល័យ ដល់ភ្ញៀវទេសចរមួយកម្រិតថែមទៀត៕