(ភ្នំពេញ)៖ ដើម្បីរួមចំណែកពង្រឹងការអនុវត្តវិស័យកម្មសិទ្ធិបញ្ញាជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពន្យល់ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័ត អំពីច្បាប់ស្តីពីពាណិជ្ជនាម និងលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីទទួលបានការចុះបញ្ជីនាមករណ៍ក្រុមហ៊ុន និងសិទ្ធិការពារពាណិជ្ជនាមស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា។
ការបកស្រាយរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក ថូម៉ាស ហ៊ុន (Thomas HUNDT) នាយកប្រតិបត្តិក្រុមហ៊ុន Smart នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ដែលបានដាក់ពាក្យសុំចុះបញ្ជីម៉ាកក្រុមហ៊ុន ស្មាតអាស្យាតា ខូអិលធីឌី និងការចុះបញ្ជីជាម៉ាកល្បី។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបលោក ថូម៉ាស ហ៊ុន អំពីភាពខុសគ្នារវាងពាណិជ្ជនាម និងពាក្យសាធារណៈ ព្រមទាំងលក្ខខណ្ឌចាំបាច់នៃការជ្រើសរើសឈ្មោះ ដើម្បីចុះបញ្ជីពាណិជ្ជនាម។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់លោកនាយកប្រតិបត្តិក្រុមហ៊ុន ស្មាតអាស្យាតា សហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញលក្ខខណ្ឌទៅតាមច្បាប់ស្តីពីពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលជាផ្នែកមួយនៃវិស័យកម្មសិទ្ធិបញ្ញា។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រវិស័យឯកជន និងការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាជាតិ ព្រមទាំងបានថ្លែងអំណរគុណដល់ លោកថូម៉ាស ហ៊ុន ដែលបានវិនិយោគ និងធ្វើសកម្មភាពសង្គមជាច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក ថូម៉ាស ហ៊ុន បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានបកស្រាយពីនីតិវិធី និងលក្ខខណ្ឌតម្រូវ សម្រាប់ការចុះបញ្ជីពាណិជ្ជនាម នៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិរូបនេះ បានសន្យារៀបចំសំណើសុំចុះបញ្ជីពាណិជ្ជនាមក្រុមហ៊ុនឡើងវិញ ដោយសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអនុវត្តន៍ទៅតាមលក្ខន្តិកៈដែលច្បាប់បានកំណត់។
សូមបញ្ជាក់ថា ពាណិជ្ជនាម សំដៅលើឈ្មោះ ឬសញ្ញាសម្គាល់ ដែលប្រើប្រាស់សម្រាប់បញ្ជាក់អត្តសញ្ញាណ និងសម្គាល់លក្ខណៈខុសគ្នានៃក្រុមហ៊ុន ឬសហគ្រាសនីមួយៗ។ ការប្រើប្រាស់ពាណិជ្ជនាម នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រគួតប្រជែងមិនស្មោះត្រង់ ដែលរដ្ឋសភាបានអនុម័តនិងដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០១ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាល ទី២៕