(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញបំពាក់ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់មន្ដ្រីនគរបាលជាតិ ចំនួន៦០នាក់ ចំណុះអធិការដ្ឋាននគរបាលស្រុកស្ទោង និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ការបំពាក់ឋានន្ដរស័ក្ដិនោះរួមមាន ថ្នាក់វរសេនីយ៍ទោ៥នាក់, វរសេនីយ៍ត្រី៦នាក់, អនុសេនីយ៍ឯក១៥នាក់, អនុសេនីយ៍ទោ៧នាក់, អនុសេនីយ៍ត្រី៦នាក់ និងមេដាយមាស២នាក់, មេដាយប្រាក់២នាក់, មេដាយសំរិទ្ធ២នាក់ និងប័ណ្ណសរសើរ១៥នាក់។
ថ្លែងក្នុងឱកាសនោះ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាលត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បាននាំមកនូវអំណោយជូនមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង និងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ក្នុងអធិការដ្ឋាននីមួយៗទទួលបាន៖ អង្ករ ១០០គីឡូក្រាម, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, មី៤កេះ, អាវភ្លៀងគ្រប់គ្នា, អាវពន្លឺ និងដំបងពិលមួយចំនួន និងថវិកា ៥០០,០០០រៀល។
ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន២៤ប៉ុស្ដិ៍ (អធិការដ្ឋាននគរបាលស្រុកស្ទោង ចំនួន១៣ប៉ុស្ដិ៍ និងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំនួន១១ប៉ុស្ដិ៍) ក្នុងមួយប៉ុស្ដិ៍ទទួលបាន៖ អង្គរ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី២កេះ, អាវភ្លៀងគ្រប់គ្នា, អាវពន្លឺ និងដំបងពិលមួយចំនួន និងថវិកា១០០,០០០រៀល៕