(ភ្នំពេញ)៖ «កម្មវិធីសប្ដាហ៍ភាពយន្តចិន» និង «ដំណើរភាពយន្តចល័តខ្មែរ-ចិនដ៏ឆ្នើមលើកទី៣» នឹងចាប់ផ្ដើមប្រព្រឹត្តទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ កម្មវិធីនេះសហការរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រសួងព័ត៌មានកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងរៀបចំផ្ទាល់ដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនភាពយន្តចិនគ្រុប។
នៅក្នុងថ្ងៃសម្ពោធបើកនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក៏នឹងមានការចូលរួមផ្ដល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងតំណាងក្រសួងពត៌មានកម្ពុជា ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងអង្គភាពស្ថាប័នជាច្រើនរូបទៀត។
«សប្ដាហ៍ភាពយន្តចិន» ដែលមានរយៈពេល៥ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបឆ្នាំលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ក្នុង គោលបំណងជំរុញការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ សិល្បៈ និងភាពយន្ត រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។
«សប្ដាហ៍ភាពយន្តចិន» នេះ នឹងចាក់បញ្ចាំងភាពយន្តចិន ដែលបានបញ្ចូលសម្លេងជាភាសាខ្មែរ រួមមានរឿង «ក្រុមនារីខ្យល់គួច» «ប្រតិបត្តិការសមុទ្រក្រហម» និង «អ្នកចម្បាំងចចក» ជាដើម ដែលជា ភាពយន្តដ៏ឆ្នើមរបស់ប្រទេសចិនហើយទទួលបានការកោតសរសើរជាខ្លាំងទាំងក្នុងនិងក្រៅប្រទេសនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នឹងនាំយកមកឱ្យប្រជាជនកម្ពុជា ទស្សនាដោយឥតគិតថ្លៃ។
បន្ទាប់ពីកម្មវិធី «សប្ដាហ៍ភាពយន្តចិន» បានបញ្ចប់ទៅភាពយន្តទាំងអស់នេះនឹងនាំយកទៅចាក់បញ្ចាំងជូនប្រជាជនកម្ពុជាទស្សនាដោយឥតគិតថ្លៃ នៅតាមបណ្ដាខេត្ត និងតាមតំបន់ជនបទនានានៅក្នុងប្រទេសកម្ពុជា ដែលមានដូចជាខេត្តរតនគីរី និងមណ្ឌលគីរី ជាដើម៕
សម្រាប់ការទទួលសំបុត្រចែកជូនដោយឥតគិតថ្លៃនៃខ្សែភាពយន្តដ៏ល្បីៗ «សប្ដាហ៍ភាពយន្តចិន» និយាយជាភាសាខ្មែរនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ៖ 017 888 001, 017 888 002