(ភ្នំពេញ)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជាចំនួន២០០០នាក់ ដែលជាតំណាងឱ្យគ្រួសារបក្ស នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក វង្សី វិស្សុត បានពាំនាំនូវក្តីនឹករលឹក និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំបក្ស គ្រប់លំដាប់ថ្នាក់ ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ គណបក្ស ជូនចំពោះបងប្អូនជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំស្វាយអំពារ ទាំងអស់ ដែលជាមហាគ្រួសារបក្សដ៏ធំមួយ នៅក្នុងស្រុកមុខកំពូល ដែលកន្លងមកបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ហើយលោកសង្ឃឹយ៉ាងមុតមាំថា មហាគ្រួសារគណបក្ស នៅឃុំស្វាយអំពារនេះ នឹងកាន់តែរីកធំធាត់ឡើងថែមទៀត តាមរយៈសន្លឹកឆ្នោតគាំទ្រនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាជន និងបានខិតខំដោះស្រាយ បញ្ហា, កង្វល់ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ប្រជាជន។ រាជរដ្ឋាភិបាល បានកសាងសាលារៀនកាន់តែច្រើន ដើម្បីផ្តល់ឱកាសឱ្យកូនចៅបងប្អូន បានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា, បានកសាងមន្ទីរពេទ្យ និងមណ្ឌលសុខភាពកាន់តែច្រើន ដើម្បីផ្តល់សេវាសុខាភិបាលកាន់តែល្អជូនប្រជាជន និងបានស្ថាបនាទំបន់ និងប្រឡាយ ទឹកខ្វាត់ខ្វែង ដើម្បីលើកកម្ពស់ជីវភាព ជូនដល់កសិកររាប់លាននាក់ ព្រមទាំងបានកសាង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គ្រប់ប្រភេទ ដូចជា ផ្លូវ ស្ពាន ជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរទៅគ្រប់ច្រកល្ហកនៃប្រទេស ដោយងាយស្រួល និងសប្បាយរីករាយ។
លោកបានបន្តថា រាជរដ្ឋាភិបាលបានបង្កើតនូវឱកាសរកប្រាក់ចំណូល និងការងារជូនដល់ប្រជាពលរដ្ឋទូទៅ, ការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ និងកម្មករក្នុងវិស័យឯកជន ព្រមទាំងអាជីវករ លក់ដូរ តាមផ្សារនានាឱ្យកាន់តែធូរធា។ រាជរដ្ឋាភិបាលក៏បានជួយកាត់បន្ថយបន្ទុក ចំណាយ របស់ប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈ៖ ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត, ការលុប ចោលនូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបន្ធូបន្ថយពន្ធ និងអនុគ្រោះ ពន្ធចំពោះអាជីវកម្មតូចតាច និងអ្នកមានចំណូលទាប, ការទទួលបាននូវរបបគាំពារ សង្គម មួយចំនួន ដូចជាការទទួលបាននូវសេវាព្យបាលជំងឺដោយឥតគិតថ្លៃ ចំពោះប្រជាពលរដ្ឋ ក្រីក្រតាមរយៈមូលនិធិសមធម៌ជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានប្រមូលពន្ធកាន់ តែច្រើនពីអ្នកមានចំណូលខ្ពស់ ។ លោកបានគូសបញ្ជាក់ថា ប្រការខាងនេះហើយ ដែលបាន ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋទូទៅ មានការប្រែប្រួលកាន់តែធូរធាឡើង បើប្រៀបធៀបទៅ នឹងរយៈពេល ៥ឆ្នាំមុន។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះ ឱ្យកាន់តែខ្លាំងក្លាឥតឈប់ឈរ ថែមទៀត នៅក្នុងនីតិកាលបន្ទាប់ទៀត។
លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា តំបន់ស្វាយអំពារនេះ ត្រូវបានជ្រើសរើសយកមក ធ្វើជាគំរូសាកល្បងនៅក្នុងអភិវឌ្ឍន៍ជនបទ ដែលអាចនឹងធ្វើឱ្យតំបន់នេះ ក្លាយជាខ្សែក្រវ៉ាត រាជធានីភ្នំពេញ ទៅថ្ងៃមុខ។ ប្រការនេះ នឹងធ្វើឱ្យតំបន់នេះ មានសក្តានុពលច្រើន ក្នុងការផលិតបន្លែសរីរាង្គមានតម្លៃខ្ពស់ និងការចិញ្ចឹមសត្វ និងសម្រាប់ផ្គត់ផ្គង់ទៅភ្នំពេញ ដែលជាទីផ្សារដ៏ធំ ដែលក្បែរស្រាប់ផង និងសម្រាប់ជំនួសឱ្យការនាំចូលពីបរទេសផង។ ក្រៅពីនេះ បងប្អូនក៏មានឱកាសកាន់ច្រើនក្នុងប្រកបមុខរបរផ្សេងៗ ឬក៏ស្វែករកឱកាសការងារ នៅភ្នំពេញ។
លោកបានសំណូមពរដល់បងប្អូនសូមរក្សាដីស្រែចំការរបស់ខ្លួន កុំទាន់អាល់លក់ ដូរបើមិនចាំបាច់ ដើម្បីទុកសម្រាប់ដាំបន្លែ ឬចិញ្ចឹមសត្វ និងត្រូវតែបញ្ចូនកូនចៅឱ្យចូលរៀន សូត្រទាំងអស់គ្នា ដើម្បីឱ្យពួកគេមានចំណេះវិជ្ជាជ្រៅជ្រះ ហើយអាចទទួលបានការងារធ្វើល្អ, មានប្រាក់ចំណូលខ្ពស់ និងមានជីវភាពធូរធានៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកក៏បាន ស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ចបន្តបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ ដោយកុំបង្អង់ដៃ ដើម្បីសុវត្ថិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ទន្ទឹមគ្នានឹងការបន្ត កែលំអរការផ្តល់សេវា សាធារណៈផ្សេងៗ ជូនប្រជាជន។
លោកបានធ្វើការជម្រាបជូនបងប្អូនថា សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែលពេលនោះ ចំណូលរបស់ប្រជាជនយើងម្នាក់ នឹងឡើងដល់ជាង៤ពាន់ដុល្លារ ធៀបនឹងបច្ចុប្បន្ន ត្រឹម១៥៦៨ដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្តែដើម្បីអាចសម្រេចនូវចក្ខុវិស័យខាងលើនេះបាន គឺចាំបាច់ណាស់យើង ត្រូវរក្សាការពារឱ្យបាននូវសន្តិភាព និងស្ថេរភាព។ បើយើងមិនមានសន្តិភាព គឺយើងនឹងមិនមានឱកាសក្នុងការកសាងជាតិនោះទេ។ ដូចនេះ អ្វីដែលសំខាន់ បំផុតក្នុងពេលនេះ គឺការរក្សាការពារឱ្យដាច់ខាតនូវសន្តិភាព, ស្ថេរភាព និងការអភិវឌ្ឍ តាមអភិក្រមរដ្ឋាភិបាលគិតគូរដល់ប្រជាជន ហើយប្រជាជនគាំទ្រដល់រដ្ឋាភិបាល ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យតាមបែបខ្មែរ។ លទ្ធិប្រជាធិបតេយ្យ គឺជាមធ្យោបាយ មិនមែនជាគោលដៅទេ ហើយជាតិ និងជាប្រជាជនទើបជាគោលដៅពិត ប្រាដក។ លទ្ធិអ្វីក៏បានដែរ ឱ្យតែធ្វើឱ្យប្រទេសយើងមានសន្តិភាព, មានការអភិវឌ្ឍ និងធ្វើឱ្យជាតិខ្មែរយើងខ្លាំង។
លោកបានបន្តថា ធ្វើយ៉ាងឱ្យប្រជាជនមានជីវភាពាកាន់តែធូរធា, មានការអប់រំខ្ពស់, មានសុខភាពល្អ និងទទួលបានសេវាសាធារណៈគ្រប់ប្រភេទ កាន់តែលឿន ហើយមានគុណភាពខ្ពស់ ទើបជារឿងដែលសំខាន់បំផុត។ នៅចុងបញ្ចប់ លោក វង្សី វិស្សុត អំពាវនាវដល់សមាជិកសមាជិកាបក្សទាំងអស់ ត្រូវអញ្ជើញ ទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីជួយខ្លួនឯង និងដើម្បីជួយប្រែក្លាយប្រទេសយើង ឱ្យក្លាយជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០៕