(ភ្នំពេញ)៖ គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ១៣២ របស់អង្គការគយពិភពលោកចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

សន្និបាតនេះ ដឹកនាំដោយ លោក Enrique Canon អគ្គនាយកគយនៃរដ្ឋបាលគយប្រទេសអ៊ុយរ៉ាហ្គាយ ដោយមានការចូលរួមពីសំណាក់អគ្គនាយកគយ និងគណៈប្រតិភូគយនៃបណ្តាប្រទេសជាសមាជិកចំនួន១៧២ តំណាងវិស័យឯកជន និងអ្នកសង្កេតការណ៍អន្តរជាតិសំខាន់ផ្សេងៗជាច្រើនទៀត។

អង្គសន្និបាតបានពិភាក្សាផ្តោតលើប្រធានបទគន្លឹះមួយចំនួនរួមមាន៖ ១. កិច្ចសម្រួលពាណិជ្ជកម្ម ដែលផ្តោតការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ២. ពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការប្រឈមរបស់រដ្ឋបាលគយ ៣. ការទប់ស្កាត់ប្រឆាំងហិរញ្ញប្បទានខុសច្បាប់ ៤. សហប្រតិបត្តិការរវាងគយ និងប៉ូលីសក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និង៥. ការកសាងធនធានមនុស្ស អភិវឌ្ឍស្ថាប័ន និងអភិបាលកិច្ច។

ទន្ទឹមនេះ អង្គសន្និបាតក៏បានសា្តប់របាយការណ៍ និងពិភាក្សាលើការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ ការកំណត់តម្លៃគិតពន្ធគយ និងការចាត់ថ្នាក់ទំនិញ អនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។ នៅក្នុងចំណោមឧបករណ៍សំខាន់ៗរបស់ WCO អង្គសន្និបាតក៏បានអនុម័តក្របខណ្ឌស្តង់ដារស្តីពីកាធ្វើពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ដើម្បីជួយឲ្យប្រទេសជាសមាជិកអាចអភិវឌ្ឍយុទ្ធសាស្រ្ត និងផែនការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច។

អង្គសន្និបាតបានបង្កើតក្រុមការងារពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិស្តីពីសាមញ្ញកម្មនិងសុខដុមនីយកម្មនីតិវិធីគយ (Revised Kyoto Convention-RKC) និងរៀបចំផែនការសកម្មភាពបីឆ្នាំ សម្រាប់ឆ្នាំ (២០១៩-២០២១)។

អង្គសន្និបាតក៏បានបោះឆ្នោតជាសម្ងាត់ដើម្បីជ្រើសរើសអគ្គលេខាធិការដ្ឋានសម្រាប់អណត្តិ៥ឆ្នាំបន្ទាប់ (២០១៩- ២០២៣)។ ជាលទ្ធផល លោកបណ្ឌិត Kunio Mikuryria មកពីប្រទេសជប៉ុន ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការអង្គការគយពិភពលោកសម្រាប់១អណត្តិបន្តទៀត។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានឆ្លៀតក្នុងឱកាសប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយថៃ ដែលដឹកនាំដោយលោកអគ្គនាយក Kulit Sombatsiri ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងពិភាក្សាពីលក្ខខណ្ឌតម្រូវដើម្បីពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជណាចក្រថៃ។

ក្រោយពេលសន្និបាតរបស់អង្គការគយពិភពលោក គណៈប្រតិភូគយកម្ពុជាបានបន្តដំណើរទៅចូលរួមសន្និបាតលើកទី២០នៃរដ្ឋបាលគយប្រទេសនិយាយភាសាបារាំង ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងលីល ប្រទេសបារាំង។

សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម Olivier Dussopt អនុរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងថវិកា និងលោកបណ្ឌិត Kunio Mikuryria អគ្គលេខាធិការអង្គការគយពិភពលោក។

អង្គសន្និបាតបានពីភាក្សាលើប្រធានបទពង្រឹងកិច្ចសហប្រតិបត្តការគយ រួមមានការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធនិងការលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅក្នុងវិស័យគយ។ តំណាងគណៈប្រតិភូគយកម្ពុជាក៏បានធ្វើបទបង្ហាញស្តីពីបទពិសោធ និងវឌ្ឍនភាពនៃកំណែទម្រង់ និងទំនើបកម្មស្ថាប័នគយកម្ពុជា ជាពិសេសលើការអនុវត្តប្រព័ន្ធអាស៊ីគូដា (ASYCUDA), E-Customs និងប្រព័ន្ធបញ្ជរតែមួយជាតិ៕