(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញក្រុងពាលីជួសជុលឡើងវិញ ដែលកាលពីលើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។ ដោយឡែក នៅថ្ងៃនេះ ចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញ មានរយៈពេលជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%ហើយ។

លោកស្រី​ ម៉ែន សំអន ​បានថ្លែងថា «ការជួសជុលឡើងវិញនេះ គឺជាការចូលរួមចំណែក ក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរសយើងបានបន្សល់ទុករហូត ដល់បច្ចុប្បន្ននេះ មួយផ្នែកទៀត ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវ សម្រាប់អ្នកជំនាន់ៗក្រោយតទៅទៀត និងមួយផ្នែកទៀត គឺជាការចូលរួមក្នុងការជំរុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារ ឲ្យរីកលូតលាស់បន្ថែមមួយកម្រិតទៀត»

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេសក្រុមអ្នកជំនាញ និងជាងដែលបានខិតខំយកអស់កម្លាំងចិត្ត ក្នុងការចូលរួមក្នុងដំណើរការជួសជុលនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ ក្រុមជាង និងក្រុមអភិរក្សប្រាសាទ សរុប១៥០នាក់ ម្នាក់ទទួលបាន ក្រមា មួយ និងថវិកា ៥ម៉ឺនរៀល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីសរុបជិត ១.០០០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

FN@168@