(ក្រចេះ)៖ កម្លាំងនគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុង និងកម្លាំងប្រជាការពារភូមិ ដឹកនាំដោយលោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញ ជួញដូរថ្នាំញៀន និងឃាត់បានជនសង្ស័យពីរនាក់ ប្តីប្រពន្ធ និងរឹបអូសវត្តុតាងថ្នាំញៀនជាច្រើន កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចអូដង្ហិត ស្ថិតក្នុងភូមិ២៧សែនជ័យ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ឆុង តូរ៉ាន់ បានឲ្យដឹងថា ជនសង្ស័យជាប្តីប្រពន្ធ ដែលត្រូវឃាត់ខ្លួន រួមមាន៖ ឈ្មោះ ទិត ម៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥស្លាម និងឈ្មោះ រឿន ស្រីណា ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ។ ជនសង្ស័យទាំងពីរនាក់ខាងលើ មានទីលំនៅចំណុចអូរដង្ហិត ស្ថិតក្នុងភូមិ២៧សែនជ័យ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

លោកអធិការរូបនេះ បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធខាងលើ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ជាគ្រឿងញៀនចំនួន ១៨កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿ, កាបូបដាក់លុយ០១, ដែកកេះ០១, គម្របដបមានដោតទុយោ០១, និងថង់សម្រាប់ច្រកមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង កំពុងកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕