(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង១,០០០ នាក់ដែលមកពី៥ភូមិផ្សេងគ្នា។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេលជាងពីទស្សវត្សរ៍ (២០ឆ្នាំ) ចុងក្រោយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧,៧% ក្នុង១ឆ្នាំ ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ មានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ កម្ពុជាបានសម្រេចនូវបង្គោលចរដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រែក្លាយប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរឈានទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ខាងមុខនេះ។
លោកស្រី បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨នេះ គឺឈានដល់ឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលបានសម្រេចនូវសមិទ្ធផលថ្មីជាច្រើន ក្នុងឆ្នាំកន្លងទៅដូចជា ធានាបានដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមរមនានៃសង្គមជាតិ ជាពិសេស ឧប្បាយកលបដិវត្តពណ៌របស់បក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការស្របច្បាប់ដ៏ម៉ឺងម៉ាត់។
លោកស្រី ឃួន ឃុនឌី ក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងឃុំ និងស្រុកជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ និងបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋដើម្បីចាត់វិធានការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕