(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងថា ទោះជាស្ថិតក្នុងតម្លៃ នៃលក្ខខណ្ឌណាក៏ដោយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជានឹងថែរក្សា ការពារបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញនូវការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ថ្លែងរបស់លោក ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ស្រង៉ែ ក្រុងសៀមរាប ជាង២០០នាក់។
លោក ឃឹម ប៊ុនសុង បានបន្ថែមទៀតថា «យើងនឹងមិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្ករសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិក្នុងបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ ហើយគណបក្សប្រជាជនកម្ពុជា បានក្លាយជាគណបក្សចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ ស្វែងរក និងរក្សាសុខសន្តិភាព និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ»។
លោកបានបញ្ជាក់ទៀតថា ដើម្បីថែរក្សាសុខសន្តិភាព បន្តនិរន្តរភាព នៃការអភិវឌ្ឍប្រទេសជាតិ សូមឲ្យប្រជាពលរដ្ឋ និងអ្នកមានឈ្មោះ មានសិទ្ធិបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់គ្នា សម្រាប់នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីខកខានឲ្យសោះ ហើយកុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអគតិ ក្នុងគោលបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជាឲ្យសោះ។
លោក ឃឹម ប៊ុនសុង ក៏បានជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលនៅចៅសង្កាត់ មេភូមិ និងក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួនទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងថែមទៀត។
ក្នុងឱកាសនោះដែរ លោកក៏បានផ្តល់ជូនដល់សមាជិក សមាជិកាទាំងអស់ ម្នាក់ៗថវិកា២ម៉ឺនរៀល ព្រមទាំងអញ្ជើញចុះត្រួតពិនិត្យផ្លូវកា្រលគ្រួសក្រហមមួយខ្សែ ប្រវែង១,៧៣០ ម៉ែត្រ ដែលសាងសង់ឡើងដោយក្រុមការងារចុះជួយសង្កាត់ស្រង៉ែ ព្រមទាំងសូមឲ្យបន្តការជួស ជុលបន្ថែមផ្លូវប្រវែង ២០០ម៉ែត្រទៀតផងដែរ៕