(កំពង់ធំ)៖ ឃ្លាងំស្ដុកស្រូវចំនួន៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន១៥០០តោនក្នុង១ថ្ងៃ ធំជាងគេក្នុងខេត្តកំពង់ធំ និងចំណាយទុនអស់៥លានដុល្លារ ត្រូវបានក្រុមហ៊ុន អេមរុរាយស៍ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
ឃ្លាំងស្ដុកស្រូវ៥ម៉ឺនតោន និងឡសម្ងួតស្រូវ១៥០០តោនក្នុងមួយថ្ងៃនេះ សាងសង់ឡើងក្រោមគម្រោងវិនិយោគពិសេស ក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុន អេមរុរាយស៍ ដែលមានតម្លៃ៥លានដុល្លារ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានរំលឹកជូនពលរដ្ឋថា កាលពីឆ្នាំ២០១៦កន្លងទៅ តម្លៃស្រូវរបស់ប្រជាកសិករ បានធ្លាក់ថ្លៃដោយមិនសមហេតុផល និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពប្រជាកសិករ។ ប៉ុន្ដែបច្ចុប្បន្ននេះ ក្រោមការគាំទ្រ ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ បានទំលាក់ឥណទាន ជាបន្តបន្ទាប់ដល់ក្រុមហ៊ុន ប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការទិញស្រូវពី ប្អូនប្រជាកសិករតាមតម្លៃទីផ្សារ តាមយន្តការនេះបានធ្វើឱ្យទីផ្សារស្រូវមានស្ថេរភាពល្អ។
លោកថា ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហា ឃ្លាំងស្តុកស្រូវ និងឡសម្ងតស្រូវខ្នាតធំ រាជរដ្ឋាភិបាលបានដាក់ចេញ យន្តការអន្តរាគមន៍ ពិសេសក្នុងទម្រង់ជាបំណុល អនុញ្ញាតឲ្យវិស័យឯកជន ទទួលគម្រោងធ្វើប្រតិបត្តិការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងតស្រូវ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបស្រូវរបស់បងប្អូនក្នុងតំបន់ នេះជាការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងរដូវបង្កបង្កើនផល តាមរយ:គម្រោងបង្កើនផលិតភាព ផលិតកសិកម្ម រាជរដ្ឋាភិបាលជួយឧបត្ថម្ភធន លើតម្លៃពូជស្រូវ សម្រាប់ប្រជាកសិករប្រមាណ១ពាន់រៀលក្នុ១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១គីឡូ នោះរដ្ឋនឹងជួយចេញ១ពាន់រៀល កសិករចេញតែ២ពាន់រៀលតែប៉ុណ្ណោះ។
លោក កៅ ថាច មានភាពជឿជាក់យ៉ាងមុតមាំថា ក្នុងរដូវប្រមូលផលឆ្នាំនេះ តាមរយៈឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវខ្នាតធំ ជាសមិទ្ធផលថ្មីក្នុងទឹកដីខេត្តកំពង់ធំ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបស្រូវ របស់ប្រជាកសិករក្នុងតំបន់ និងធានារក្សាបាននូវតម្លៃស្រូវតាមទីផ្សារព្រមទាំងបានជួយដោះស្រាយបញ្ហា ការខូចខាតស្រូវរបស់បងប្អូនផងដែរ។
លោកបានបន្ដទៀតថា បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែម លើការរក្សាសុវត្ថិភាព ថ្លៃស្រូវសម្រាប់រយៈពេលវែង ក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូន របស់កសិករកាន់តែមានទីផ្សារថែមទៀត។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោង ពិសេសរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈយន្តការដោះស្រាយឃ្លំាងស្តុកស្រូវឡសម្ងួត និងផ្តល់ជាទុនបង្វិល របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងការ ផ្តល់ឥណទានដល់រោងម៉ាស៊ីន សម្រាប់ប្រមូលទិញស្រូវ នារដូវប្រមូលផល ។
លោកបានបន្ថែមទៀតថា យន្តការនេះរក្សាបាននូវ តម្លៃសមរម្យដល់កសិករ និងបំពេញនូវបរិមាណ ស្រូវ-អង្ករ សម្រាប់បម្រើឱ្យការនំាចេញបានគ្រប់គ្រាន់។ ជាក់ស្តែង តម្លៃស្រូវរបស់ប្រជាកសិករ ទូទាំងប្រទេស បានកើនឡើងគួរកត់សម្គាល់នាឆ្នំា២០១៧-២០១៨ ពិសេសស្រូវសែនក្រអូបដែលមាន តម្លៃ១២០០រៀល/គីឡូក្រាម។
លោក រស់ សីលវ៉ា បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលការទិញ-លក់ស្រូវ ក៏ដូចជាកសិផលផ្សេងទៀត តាមរយៈការបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូនស្រូវពីទីវាល ឬកន្លែងប្រមូលផ្តុំទិញ-លក់ស្រូវ នៅសាលាឃុំ ឬកន្លែងផ្សេងទៀត ងាយស្រួលដល់ការប្រមូលផ្តុំទិញ-លក់របស់ប្រជាកសិករ។ នេះជាការជួយ កាត់បន្ថយការចំណាយ របស់អ្នកប្រមូលទិញស្រូវ, កាត់បន្ថយតួនាទីឈ្មួញកណ្តាលដែលជួយបង្កើនផលប្រយោជន៍ ដល់ប្រជាកសិករ ដោយបង្កើនថ្លៃចេញ ពីវាលស្រែ ឬកសិដ្ឋាន។
លោកបញ្ជាក់ទៀតថា ការដាក់ឲ្យមានឃ្លាំងស្តុកស្រូវ៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោន ក្នុងខេត្តកំពង់ធំនេះ ពិតជារួមចំនែកយ៉ាងមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាកង្វល់របស់កសិករ ជាពិសេសការ ធ្លាក់ថ្លៃស្រូវ គ្មានហេតុផល។
ក្នុងឱកាសនោះផងដែរ គណៈអធិបតីបានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋក្នុងឋានៈជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន៕