(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ ធ្វើឲ្យនិន្នាការ និងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដែរ ដោយពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើស្រស់។

លោកបន្តថា ប៉ុន្តែការផលិត និងផ្គត់ផ្គង់បន្លែ មានសុវត្ថិភាពនៅលើទីផ្សារក្នុងស្រុក នៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្ម បន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវសហការគ្នា សម្រេចឲ្យបានគោលដៅនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ ក្នុងពិធីពិព័រណ៌ផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក វេង សាខុន បានថ្លែងបន្តទៀតថា យោងតាមរបាយការណ៍អង្កេតបន្លែ កាលពីពេលកន្លងទៅ ប្រទេសកម្ពុជានាំចូលបន្លែ អាស្រ័យលើរដូវកាលប្រមាណពី២០០-៤០០តោនក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ប្រហែល ពី១៥០-២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

បើតាមលោករដ្ឋមន្ត្រី ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងជួបប្រទះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាលេខាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀរគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍន តាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍនបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីក គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែម ក្នុងការកែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងទៅកាន់ប្រជាកសិករនាពេលនោះថា ការដែលរៀបចំពិព័រណ៌ផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពនាពេលនេះ គឺជាការបង្កឱកាសឲ្យមានការជួបគ្នា រវាងកសិករ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកលក់ដុំ អ្នកប្រើប្រាស់ ដើម្បីមានឱកាសជជែកគ្នា ជុំវិញតម្រូវការ ការផ្គត់ផ្គង់ និងតម្លៃផលិតផល ជាពិសេសយល់ដឹងពីនិយមន័យបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព តម្រូវការប្រើប្រាស់ ព្រមទាំងតម្លៃរបស់វា និងផលប៉ះពាល់ផលិតផល កសិកម្មដែលមិនមានសុវត្ថិភាព។

លោកបន្តថា សូមឲ្យប្រជាកសិករចូលរួមទាំងអស់ ពិភាក្សា និងសួរសំណួរ ទៅវាគ្មិនដែលជាអ្នកបច្ចេកទេសកសិកម្ម ឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់ ឆ្លើយបំភ្លឺរាល់បញ្ហានានា ទាក់ទងការងារផលិតកម្ម កសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព សម្រាប់ជាមូលដ្ឋានផលិត និងប្រើប្រាស់កសិផល ឲ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា ទាំងសេដ្ឋកិច្ច និងទាំងសុខភាព៕