(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបវគ្គជីវភាពនយោបាយ អបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជាលើកទី៦៧ និងលើកទិសដៅបន្តដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
លោក កែ គឹមយ៉ាន មានថ្លែងបន្តអរគុណ និងកោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ដែលបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តាមគោលនយោបាយបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពិសេសយុទ្ធសាស្រ្តឈ្នះឈ្នះ និងគោលការណ៍សុខដុមរមនីយកម្មសង្គមជាតិបង្រួបបង្រួមផ្សះផ្សារជាតិ រក្សាបាននូវសន្តិភាពដើម្បីបន្តនិរន្តភាព នៃការអភិវឌ្ឍមូលដ្ឋានរបស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ក្រុមការងារ សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត តាមគោលការណ៍បក្សដែលបានដាក់ចុះដើរលើផ្លូវតែមួយ ឆន្ទះតែមួយ ដណ្តើមជ័យជម្នះជូនបក្សក្នុងការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាបន្តការរីកចម្រើន និងសម្បូររុងរឿង៕