(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប (ស.ស.យ.ក) បានប្រគល់ធុងសំរាមសរុបចំនួន៥០០ធុង ជូនសង្កាត់ទាំង១២ មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា និងផ្សារទាំងអស់ក្នុងក្រុងសៀមរាប ដើម្បីដាក់តាមទីសាធារណៈ។
ពិធីប្រគល់ និងទទួលធុងសំរាម នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងអធិបតីភាព លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប, លោកស្រី សូ ប្លាតុង អភិបាលក្រុងសៀមរាប, និងលោកស្រី ម៉ននី រង្សី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅសួនច្បារថ្មី ព្រះរាជដំណាក់ ក្រុងសៀមរាប។
លោក ទៀ សីហា បានថ្លែងថា ការចែកធុងសំរាមនេះ គឺដើម្បីបំផុតស្មារតីប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ឲ្យចូលរួមក្នុងការថែរក្សាអនាម័យ បរិស្ថានក្នុងក្រុង ក៏ដូចក្នុងតំបន់រមណីយដ្ឋាន និងដើម្បីជំរុញ ឲ្យក្រុងសៀមរាប និងតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ក្លាយជាទីក្រុងដែលប្រកបដោយ សោភ័ណភាព និងបរិស្ថានស្រស់ស្អាត សមជាតំបន់ទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រដ៏យូរលង់ និងល្បីល្បាញ ដើម្បីបម្រើសេវាទេសចរណ៍នានា ក្នុងខេត្តឲ្យស្របតាមគោលនយោបាយទេសចរណ៍ «ទីក្រុងស្អាត រមណីយដ្ឋាន សេវាល្អ»។
ហើយបើតាមរបាយការណ៍របស់ លោកស្រី ម៉ននី រង្សី បានឲ្យដឹងថា គោលបំណងរបស់ ស.ស.យ.ក ជាពិសេសយុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» រៀបចំឡើង ដើម្បីជំរុញឲ្យអនាម័យបរិស្ថាន ក្នុងខេត្តសៀមរាប មានភាពស្រស់ស្អាត គ្មានសំរាម និងថង់ផ្លាស្ទិកនៅតាមដងផ្លូវ និងទីកន្លែងសាធារណៈផ្សេងៗ ជាពិសេសក្នុងតំបន់រមណីដ្ឋាននានា ក្នុងខេត្តទាំងមូល៕