(ត្បូងឃ្មុំ)៖ ទន្ទឹមនឹងការខិតខំចុះជួយមូលដ្ឋានជាប្រចាំលោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំចុងជាច បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវយ៉ាងទទូចនេះ ត្រូវបានបន្លឺឡើងសារជាថ្មីក្នុងឱកាស លោក ហេង សួរ រួមជាមួយលោក នាដ្ឋ រ៉ាវុធ ប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកតំបែរ អញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា ប្រធានក្រុមបក្ស សាខា-អនុសាខាគណបក្សប្រជាជនកម្ពុជាប្រចាំឃុំចុងជាច ជាង៧០០នាក់ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជន ប្រចាំឃុំចុងជាច ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក កាំង វ៉ាន់ឌី ប្រធានគណបក្សឃុំចុងជាចរួចមក លោក នាដ្ឋ រ៉ាវុធ បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំស្វែងរក និងការពារសុខសន្តិភាព រក្សាស្ថិរភាពនយោបាយ ខិតខំអភិវឌ្ឍលើគ្រប់វិស័យ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេសបានទប់ស្កាត់គម្រោងការក្បត់ជាតិរបស់អតីតបក្សសង្គ្រោះជាតិ ការពារសន្តិភាពក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា។

នាឱកាសនោះដែរ លោក ហេង សួរ បានណែនាំដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជាប្រចាំ ឃុំចុងជាច ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោតនាពេលខាងមុខ។

លោកបានដាស់តឿនដល់ប្រធាន អនុប្រធានក្រុមបក្ស សាខាបក្សភូមិ គណបក្សប្រជាជនកម្ពុជាប្រចាំឃុំចុងជាច ត្រូវយកចិត្តទុកដាក់កៀរគរសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឱ្យពួកគាត់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឱ្យបានគ្រប់គ្នា ដើម្បីប្រឆាំងតបទៅនឹងការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលឃោសនារារាំងមិនឲ្យ ប្រជាពលរដ្ឋទៅបោះឆ្នោត។

លើសពីនេះ លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬក៏ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត (ឯ.អ) ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត នាពេលខាងមុខ៕