(ស្ទឹងត្រែង)៖ គ្រឿងញៀនរួមមាន៖ មេតំហ្វេតាមីន និងថ្នាំញៀនប្រភេទគ្រាប់ជាង៣១គីឡូក្រាម ត្រូវបានរៀបចំដុតកម្ទេចចោល នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងន​គរបាលជាតិ ទទួលផែនគ្រឿងញៀន និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែងតែម្តង ដោយមានការចូលរួមពី មន្រ្តីជំនាញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា «ខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិតគ្រឿងញៀនទេ តែជាខេត្តមួយរងគ្រោះជាងគេ ដោយសាតែឧក្រិដ្ឋជន យកភូមិសាស្ត្រទឹកដីខេត្តនេះ នាំគ្រឿងញៀនឆ្លងកាត់តែប៉ុណ្ណោះ»។

លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ​ការជូញដូរ ការរ​ក្សា​រទុក​ ការចែក​ចាយ​ ​ការប្រើ​ប្រាស់ និងការធ្វើចរាចរ​គ្រឿងញៀនឆ្លងកាត់​ខេត្តស្ទឹងត្រែង នៅតែកើត​មាន​នៅឡើយ។​​​

លោក​បន្ថែមថា ក្នុងរយៈពេលមួយឆ្នាំនេះ លេ​ខា​​ធិ​ការ​ដ្ឋាន​​ខេត្ត បានបង្កើតគណៈ​កម្មការត្រួតពិនិត្យ​គ្រឿង​ញៀន នៅតាមឃុំសង្កាត់ដើម្បីបង្កើន​ ​កម្មវិធីផ្សព្វផ្សាយនឹងអប់រំឱ្យ​​ទៅជាពហុវិ​ស័យ​បានគ្រប់ទីកន្លែង។

​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ក៏បានលើកឡើងផងដែរថា «បញ្ហានេះយើងត្រូវបន្តរួមគ្នា​យកវិធានផ្សព្វផ្សាយឲ្យបានស៊ីជម្រៅ ហើយ​យន្តការត្រួត​ពិនិត្យ​នៅ​ថ្នាក់​​ឃុំសង្កាត់គណៈកម្មការសម្របសម្រួល ទាំងអាណាព្យា​បាល ទាំងសហគមន៍ ត្រូវ​រួមគ្នាធ្វើជាពហុវិស័យបង្កើនការផ្សព្វផ្សាយ​ ​​ប្រ​សើរជាងធ្វើការបង្ក្រាប»

លោកបានបញ្ជាក់ថា បញ្ហាគ្រឿងញៀនបានធ្វើឲ្យខូច​អនាគត​កូនចៅ និងបង្កឲ្យកើត​មានភាព​អសន្តិសុខ ក្នុងសង្គម​ហើយជនសង្ស័យលួចលាក់រក្សារទុក ជួញដូរ និងប្រើប្រាស់​ ​យើងបង្ក្រាប​បាន​គឺជាអ្នកចាញ់​បោកតាម​ការ​ញុះ​ញុង​របស់មេក្លោងតែប៉ុណ្ណោះ ដូចនេះយន្តការអប់រំបានចេញពីសាលារៀននឹងមានប្រសិទ្ធភាពល្អ​។

ជាមួយនេះដែរ តំណាងលោកគ្រូ អ្នកគ្រូ នៃ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា មន្តីអប់រំក៏បានបង្កើតឲ្យមានក្រុមផ្សព្វផ្សាយអប់រំពីផលប៉ះ​​ពាល់ ​កា​គ្រោះ​ថ្នាក់ ​និង​ច្បាប់​ស្តី​ពីការត្រួតពិនិត្យ​គ្រឿង​ញៀននៅតាម​គ្រឹះស្ថានសិក្សា ​ដែលបានអនុវត្តជាប្រចាំ​ហើយការយល់ដឹងនេះ កន្លងមកបានធ្វើឱ្យយុវជនយើងមួយចំនួន​​កែប្រែខ្លួនជាគង្វើរមួយល្អ​បំផុត​។

សូមបញ្ជាក់ថា ​គ្រឿងញៀន​​ដែលដុតកម្ទេចចោលនៅថ្ងែនេះ រួមមាន៖ ​មេតំហ្វេតាមីន ​(ម្សៅក្រាមពណ៌ស)​ជាង៣១​​គីឡូក្រាម ប្រភេទប្រភេទម៉ាទឹកកក២៩កញ្ជាប់តូច និងប្រភេទគ្រាប់ជាង១៩៣៣គ្រាប់​និងវត្ថុតាង​ផ្សេងៗជាច្រើនទៀត៕