(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ព័ត៌មានដែលបានលើកឡើងថា ការជ្រលក់ដៃនៅក្នុងទឹកខ្មៅនៅថ្ងៃបោះឆ្នោត អាចបង្កឲ្យស្លាប់នោះ វាគ្រាន់តែជាការបំភិត បំភ័យរបស់ជនអគតិមួយចំនួន ដែលមិនចង់ឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតតែប៉ុណ្ណោះ។
លោកបានលើកឡើងដូចនេះ នៅក្នុងពិធីសន្និបាទវាយតម្លៃ ស្តីពីការអនុវត្តខ្លឹមសារសង្ឃប្រកាសអនុសំវច្ចរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ និងការបញ្ជ្រាបច្បាប់នានា នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសិទ្ធសាលាខេត្តកំពង់ចាម ដែលពិធីនេះដែរមានការចូលរួមពីសំណាក់ព្រះសង្ឍ និងលោកតាអាចារ្យចំនួនជាង៨០០ អង្គ/នាក់។
លោកអភិបាលខេត្ត បានថ្លែងបន្តថា «បច្ចុប្បន្នកម្ពុជាយើងកំពុងមានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍន៍ ហើយនិងកំពុងអនុវត្តលទ្ធិប្រជាធិប្បតេយ្យដែលទាំងនេះ គឺកម្ពុជាខ្លួនឯងបានចំណាយ ពេលយ៉ាងយូរ ដើម្បីជំរុញឲ្យមានដំណើរការលទ្ធិប្រជាធិប្បតេយ្យនេះ ប៉ុន្តែមកដល់ពេលនេះ យើងបានជួបនូវបញ្ហាបន្តិចបន្តួច ដែលមានជនអគតិបានធ្វើចលនា ក្នុងគោ បំណងបំភិតបំភ័យប្រជាពលរដ្ឋ មិនឲ្យទៅចូលរួមបោះឆ្នោត ដែលជាការបង្អាក់ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ដោយបង្កើតពាក្យថា បើជ្រលក់ទឹកខ្មៅ បង្ករឲ្យមានការប៉ះពាល់ដល់អាយុជីវិត»។ លោកបានប្រការដែលថា ជ្រលក់ទឹកខ្មៅបង្កឲ្យស្លាប់ វាគ្រាន់តែជាការបំភិតបំភ័យ បន្លាចពីសំណាក់ជនទុច្ចរិត ដែលចង់បង្អាក់ដំណើរការលទ្ធិប្រជាធិប្បតេយ្យតែប៉ុណ្ណោះ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា សម័យបច្ចុប្បន្ននេះ ពិភពលោកមានបណ្តាញពិនិត្យការពារសុខភាព ហើយបើមានប្រទេសណា ធ្វើអ្វីឲ្យប៉ះពាល់សុខមាលភាព ពិភពលោក គេនិងធ្វើការថ្កោលទោស ទៅអង្គភាព ឬស្ថាប័ននោះដោយគ្មានការលើកលែងឡើយ។ ជាក់ស្តែង សូម្បីការបង្កើតអាវុធគីមី ដូចជា គ្រាប់មីស៊ីល ឬបរមាណូជាដើម ក៏ពិភពលោកមិនឲ្យកើតមានផងដែរ ព្រោះវាជាគ្រឿងប្រហារ ជីវិតមនុស្សលោក។
លោកបានបញ្ជាក់ទៀតថា ពាក្យដែលថាគ្រាន់តែជ្រលក់ទឹកខ្មៅ បង្កឲ្យស្លាប់ វាសាហាវមិនចាញ់អាវុធគីមីនោះទេ ចុះហេតុអ្វីបានជាបណ្តាញពិនិត្យសុខភាពពិភពលោក ឬអង្គការអន្តរជាតិណាមួយ មិនធ្វើការចាប់អារម្មណ៍នោះ ចំណុចនេះ ហើយសរបញ្ជាក់ឲ្យឃើញថា ពាក្យនោះវាគ្រាន់តែជាការបំភិតបំភ័យរបស់ក្រុមអ្នកនយោបាយ អគតិមួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះដើម្បីសុខសន្តិភាព និងចង់ឃើញប្រទេសមានការអភិវឌ្ឍន មានតែទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់ៗគ្នា៕