(ត្បូងឃ្មុំ)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក កែវ ពិសិដ្ឋ ក្នុងនីតិកាលទី៥ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ សម្រាប់នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយប្រជាការពារ មេភូមិ អនុភូមិ និងសមាជិកភូមិ ព្រមទាំងសមាជិក អចិន្ត្រៃយ៍បក្សឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន១៥០នាក់។
នៅក្នុងឱកាសនោះលោកតំណាងរាស្រ្ត បានជម្រុញឲ្យកម្លាំងប្រជាការពារខិតខំការពារសណ្តាប់ធ្នាប់ បានល្អប្រសើរនៅក្នុងមូលដ្ឋាន ជាពិសេសមុនពេល និងពេលបោះឆ្នោត ក៏ដូចជា នៅក្រោយពេលបោះឆ្នោតផងដែរ។
លោកតំណាងរាស្រ្តរូបនេះ បានគូសបញ្ជាក់ថា «ប្រជាការពារមានតួនាទីសំខាន់ក្នុងការចូលរួម ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការការពារសន្តិសុខសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ ដែលយុទ្ធនាការឃោសនារកសម្លេងឆ្នោតរយៈពេល២១ថ្ងៃរបស់ គណបក្ស នយោបាយទាំងអស់ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះហើយ។ ដូច្នេះនេះជាពេលវេលាដែលប្រជាការពារ ត្រូវចូលរួមឲ្យបានសកម្មបំផុតជាមួយ កម្លាំងនគរបាល ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បំរើអោយការឃោសនារបស់ គណបក្សនយោបាយនានា ដែលបានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់យើង អាចប្រព្រឹត្តទៅបានដោយរលូន ដែលអាចធានាបានថា នឹងមិនមានអ្វីមករំខានដល់ដំណើរការនៃការបោះ ឆ្នោតនេះទេ»។
ក្នុងឱកាសនេះ តំណាងរាស្ត្រមណ្ឌលកំពង់ចាម កែវ ពិសិដ្ឋ ក៏បានជម្រុញមន្ត្រីបក្ស ក្នុងមូលដ្ឋានត្រៀមខ្លួនឲ្យបានល្អបំផុត ឆ្ពោះទៅកាន់យុទ្ធនាការឃោសនារកសម្លេងឆ្នោត រយៈពេល២១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដណ្តើមជ័យជម្នះ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។
សូមជម្រាបជូនថា មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលមានអាសនៈ ក្នុងរដ្ឋសភាកើនឡើងដល់ចំនួន១២៥ អាសនៈ ខណៈដែលរដ្ឋសភានីតិកាលទី៥ នាពេលបច្ចុប្បន្ននេះមានអាសនៈចំនួន១២៣៕