(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងក្រុមហ៊ុន នួនហ៊្វូត ខូ អិល ធីឌី ( Noun Food Co., Ltd.) សង្ស័យស្តុកទុកខុសច្បាប់ និងលួចចែកចាយ ទឹកដោះគោម៉ាក Meiji ដែលមានអក្សថៃដោយខុសច្បាប់ ដោយដឹកជញ្ចូនតាមរថយន្តគ្របតង់គ្មានប្រព័ន្ធទូត្រជាក់ (Chill Container) បណ្តាលឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។
ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងក្រុមហ៊ុន នួនហ៊្វូត ខូ អិល ធីឌី ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ ៦ CC សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានលួចនាំចូលនិងស្តុកទុក ទឹកដោះគោម៉ាក Meiji ស្លាកសញ្ញាអក្សថៃខុសច្បាប់ ខុសបច្ចេកទេស នៃស្តង់ដារឃ្លាំងត្រជាក់ បណ្តាលឲ្យខូចគុណភាព និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងបានលួចចែកចាយដោយខុសច្បាប់ ដោយ រំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន សូណាវីទ្យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន សូណាវីទ្យ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ នូវផលិតផលទឹកដោះគោម៉ាក Meiji និងយ៉ាអួ Meiji ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការចុះបញ្ជីត្រឹមត្រូវ។
ក្រោយពីការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញនូវសម្ភារវត្ថុតាងមួយចំនួន ដែលកំពុងរក្សាទុកក្នុងរថយន្តមួយគ្រឿង នៅក្នុងឃ្លាំងនៃទីតាំងខាងលើ រួមមាន៖
*យ៉ាអួរ ម៉ាក Meiji ចំនួន៥៤០កំប៉ុង
*ទឹកដោះគោម៉ាក Meiji ចំណុះ២០០០ml ចំនួន៧១២ដប
*ទឹកដោះគោម៉ាក Meiji ចំណុះ៨៣០ml ចំនួន៣៤ដប និងសម្ភារមួយចំនួនទៀត។
ក្រោយពីការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានសម្រេចឲ្យដកហូតវត្ថុតាងខាងលើ យកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់ទីតាំង ឈ្មោះ ឃី ហួរស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី។
តាមការបញ្ជាក់របស់សមត្ថកិច្ច ចំពោះផលិតផលទឹកដោះគោ និងយ៉ាអួរ Meiji ដែលមានស្លាកសញ្ញាជាភាសារអង់គ្លេស ត្រូវបាននាំចូលស្របច្បាប់ដោយក្រុមហ៊ុនសូណាវិទ្យ (SONAVITH COMPANY)
ដោយបានរក្សាទុក និងដឹកជញ្ជូន ក្នុងកំរិតសីតុណ្ហភាពត្រជាក់ត្រឹមត្រូវតាមស្តង់ដារបស់ជប៉ុន ដែលរក្សានូវគុណភាពដើមទាំងស្រុង និងមានការបរិយាយលើសំបកវេចខ្ចប់ជាភាសាអង់គ្លេស។
ក្រុមហ៊ុនសូណាវិទ្យ សំណូមពរដល់អតិថជនប្រើប្រាស់ផលិតផលដែលមានគុណភាព និងការថែរក្សាទុកដាក់តាមស្តង់ដារ ត្រឹមត្រូវ ដើម្បីសុខភាពអ្នកប្រើប្រាស់ក៏ដូចជា ក្រុមគ្រួសារ។ ដូចនេះក្រុមហ៊ុនសំណូមដល់ម្ចាស់ហាងកាហ្វេ ផ្សារ និង Mini Mart មួយចំនួនដែលប្រើប្រាស់ផលិតផលខុសច្បាប់នេះបញ្ឈប់ជាបន្ទាន់ ហើយសម្រេចមកប្រើប្រាស់ផលិតផលត្រឹមត្រូវវិញ ដើម្បីសុខភាពអតិថិជនខ្លួនឯង និងជៀសវាងវិធានការណ៍តាមផ្លូវច្បាប់ដោយអជ្ញាធរមានសមត្ថកិច្ចនៅថ្ងៃមុខ៕