(ព្រះវិហារ)៖ សមិទ្ធផលនានានៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលសរុបជាថវិកាសាងសង់អស់ជិត១៦លានដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។
សមិទ្ធផលដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ នៅពេលនេះរួមមាន៖ ផ្លូវថ្នល់ សាលារៀន អណ្តូងទឹក ស្រះទឹក....ជាច្រើនទៀត ដែលបានសាងសង់នៅតាមភូមិ ឃុំនានាក្នុងស្រុកគូលែន ដែលចំណាយថវិកាសរុបអស់១៥.៧០៨.៥៤០ដុល្លារ។ សម្មិទ្ធិផលនេះ កើតចេញពីអង្កការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក៏ដូចជា សប្បុរសនានា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃកម្ពជា។
លោក មាស សុភា បានថ្លែងថា «សមិទ្ធផលទាំងអស់ ដែលយើងធ្វើការសម្ភោធនៅពេលនេះ គឺកើតឡើងដោយមិនមានអ្នកណាចេះជប់នោះទេ គឺកើតឡើងដោយការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណ។ ស្របពេលដែលបងប្អូនបានទទួលនូវសមិទ្ធិផលថ្មីៗ នៅថ្ងៃនេះរបស់រាជរដ្ឋាភិបាល បងប្អូនត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាតទៅទៀត ដើម្បីយើងបានសមិទ្ធិផលថ្មីៗ នៅឱកាសក្រោយៗទៀត។ សម្រាប់អាណត្តិទីទី៦នេះ ដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជិតចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតទៅទៀត ដើម្បីបងប្អូនបានទទួលសមិទ្ធផលថ្មីៗជាបន្តទៀត»៕