(រតនគិរី)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលក្រុងបានលុង និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀក ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច ព្រះបដិមាករ នៅចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក។
មន្ត្រីនគរបាល ដែលចុះប្រតិបត្តិការ បានប្រាប់ឲ្យដឹងថា ជនសង្ស័យនេះមានឈ្មោះឡៃ ស៊ីវន្ថា អាយុ៣៣ឆ្នាំ ពាក់ព័ន្ធនឹងករណីចោរកម្ម «លួចបដិមាករព្រះ» កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅវត្តហាត់ប៉ក់ស្រុកវ៉ើនសៃ។
ក្រោយឆែកឆេរនៅបន្ទប់ជនសង្ស័យរួច កម្លាំងនគរបាលបានរកឃើញ និងដកហូតបានរួមមាន៖ ព្រះប្រក់នាគក្បាល៧ចំនួន១អង្គធំ, រូបព្រះចំនួន២អង្គតូច, គងស្ពាន់តូច-ធំចំនួន៨, ចង្ក្រងស្ពាន់ចំនួន៦, រូបក្របីស្ពាន់១, ឆ្នាំងស្ពាន់១, កូនជញ្ជីងស្ពាន់២, រូបមាន់ស្ពាន់៣, តុំដាក់កំបោរស្ពាន់២, ផ្តិលស្ពាន់១, លោហៈធាតុប្រាក់២ផ្ទាំង, រូបព្រះថ្មកែវ១ និងម៉ូតូMSXចិនពណ៍ស១គ្រឿង(សេរីចាស់)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនរក្សាទុក នៅការិល័យកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត រតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕