(កោះកុង)៖ កម្មការិនីតំបន់សេដ្ឋកិច្ច​ពិសេសកោះកុង ដែលបំរើការងារក្នុងក្រុមហ៊ុនយ៉ាសាគិចំនួន១១នាក់ បានដួលសន្លប់ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងចក្រផលិតខ្សែភ្លើង ក្នុងតំបន់សេសកិច្ចកោះកុង នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្មការិនីដែលដួលសន្លប់ ត្រូវបា​នក្រុមហ៊ុនដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេ​ត្តទាំងយប់ ហើយមូលហេតុដួលសន្លប់នេះ គឺបណ្តាលមកពីមានចរន្តអគ្គិសនីឆ្លង ហើយមានក្លិនស្អុយខ្សែភ្លើង ដែលឆ្លងចរន្តទើបពួកគាត់ដួលសន្លប់ដោយចាញ់ក្លិនទាំងនោះ។

លោក យ៉ុគ សង្វាត ប្រធាន​មន្ទីរការងារខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះថា មូលហេតុដែលបណ្តាលឲ្យកម្មការិនីទាំង១១នាក់ បានសន្លប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យមានក្លិនស្អុយ ហើយពួកគាត់ចាញ់ក្លិនក៏ដួលសន្លប់តែវាមិនច្រើនប៉ុន្មានដូចកាលពីមុននោះទេ ហើយភ្លាមៗក្រុមហ៊ុន បានដឹកកម្មការិនីមកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែល។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រ​ធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា ចំពោះកម្មការិនីរោងចក្រ ដែលដួលសន្លប់ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការព្យាបាល យ៉ាងយកចិត្តទុកដាក់ មិនមានការធ្វេសប្រហែស១នាទីណាឡើយ ពីព្រោះក្រុមគ្រូពេទ្យអនុវត្តន៍ទៅតាមតួនាទីរបស់លោកគ្រូពេទ្យ ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តន៍ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា កម្មការិនីដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំង១១នាក់នេះ មិនបានតម្រូវឲ្យគាត់បង់សេវាឡើយ ហើយស្ថិតក្រោមការព្យាបាល យ៉ាងយកចិត្តពីលោកគ្រូ អ្នកគ្រូពេទ្យយើងផងដែរ ហើយមកដល់ពេលព្រឹកនេះ ឃើញថា កម្មការិនីទាំង១១នាក់ បានធូរស្បើយខ្លះហើយ៕