(កំពង់ចាម)៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ លោក ឡូវ សុខសាន តំណាងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ជាថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់កសាងសាលាបឋមសិក្សាភូមិខ្ទឹង និងថ្នាំពេទ្យចំនួន២,២០០កញ្ចប់ ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិខ្ទឹង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពីសាលារៀននេះ បានកើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំផុតទៅ នាពេលនោះប្រជាជនបាននាំគ្នារុះរើរោងបាយ របស់សហករណ៍ដែលនៅសេសសល់ មកធ្វើជាអាគាសិក្សាក្នុងវត្ត ដោយសិស្សត្រូវបានអង្គុយរៀនផ្ទាល់ដី ហើយអាគារគ្មានជញ្ជាំង គ្មានតុអ្វីទាំងអស់។
ថ្លែងក្នុងឱកាសនោះ លោក ឡូវ សុខសាន បាននាំការផ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានចាត់ទុកថាវិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងវិស័យផ្សេងៗទៀត ព្រោះថាសង្គមជាតិ អភិវឌ្ឍន៍រីកចម្រើនទៅបានទាល់តែមានធនធានមនុស្ស គ្រប់គ្រាន់ ដូចនេះហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ បង្កើតឲ្យមានសាលារៀនគ្រប់ទីកន្លែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។
លោក ឡូវ សុខសាន បានបន្ថែមថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន ហើយក្នុងនោះ ប្រាក់បៀវត្សរបស់លោកគ្រូ អ្នកគ្រូក៏បានតម្លើងដែរ ដែលអាចធ្វើឲ្យជីវភាពបានធូរធារប្រសើរមួយកម្រិតនេះ គឺអាស្រ័យដោយមានការខិតខំ និងយកចិត្តទុកដាក់គិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ហេតុនេះសូមបន្តសកម្មភាពនេះឲ្យកាន់តែរលូន និងចូលរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍ រួមគ្នាថែររក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឲ្យបានគង់វង្ស សម្រាប់បន្តទុកដល់កូនចៅជំនាន់ៗ ក្រោយទៀត។
ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលឆាប់ៗខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំ ដែលបានរួមសុខរួមទុក្ខ និងបានរំដោះប្រជាពលរដ្ឋឲ្យមានសិទ្ធសេរី ភាពរហូតមកទល់ពេលបច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះ ទៅរកវឌ្ឍនភាព និងធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ៕