(ភ្នំពេញ)៖ ដើម្បីលើកស្ទួយទេសចរណ៍ ក្នុងស្រុកនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ក្រសួងទេសចរណ៍ សហការជាមួយ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដើម្បីរៀបចំតាំងពិព័រណ៍ទេសចរណ៍ជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣ ខែកក្កដា នៅទីស្តីការក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយដៃគូឯកជន រមណីយដ្ឋានទេសចរណ័ សហគមន៍ទេសចរណ៍នានានៅកម្ពុជា ដើម្បីពង្រឹងគុណភាពសេវាកម្ម រៀបចំតម្លៃសមរម្យសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុក ក្នុងគោលបំណងពិព័រណ៍ទេសចរណ៍កម្ពុជា ឆ្នាំ២០១៨នេះរួមមាន៖

ទី១៖ ជួយលើកស្ទួយដល់បងប្អូនប្រជាសហគមន៍ និងសហគមន៍ទេសចរណ៍ក្នុងស្រុកឱ្យបានចូលរួមក្នុងកម្មវិធីពិរព័ណ៌ទេសចរណ៍ជាតិ និងមានឱកាសចូលរួម ដាក់តាំងបង្ហាញផលិតផលសកម្មភាពទេសចរណ៍ និងភាពទាក់ទាញរបស់សហគមន៍ខ្លួន ដែលកំពុងតែមានតម្រូវការ ទទួលស្គាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយអាចជាប្រយោជន៍ដើម្បីបង្កើនការយល់ដឹងអំពីផលិតផលជាតិ (រមណីយដ្ឋាន វារីអគ្គសនី រោងចក្រ ...។ល។) លើកកំពស់ស្មារតី ស្នេហាជាតិ ស្រឡាញ់ទឹកដី ដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ រោងចក្រ។

ទី២៖ ចូលរួមផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ថ្មីៗ នៅទូទាំងប្រទេសកម្ពុជា ដល់ភ្ញៀវទេសចរជាតិ គឺជាក្បាលម៉ាសុីនដឺកនាំយ៉ាងសំខាន់ដល់ទេសចរអន្តរជាតិ។

ទី៣៖ ព្រមជាមួយនោះ ក៏មានការរៀបចំពិរព័ណ៌ម្ហូបអាហារក្នុងគោលបំណង ដើម្បីជួយជំរុញក្នុងការផ្សព្វផ្សាយអំពីម្ហូបអាហារជាតិ អោយបានទូលំទូលាយ។

និងទី៤៖ ផ្តួចផ្តើមបង្កើតឱ្យមានសកម្មភាពទេសចរណ៍ឱ្យកាន់តែច្រើនដើម្បីពន្លឿន ការអភិវឌ្ឍ និងដើរឱ្យទាន់នូវសម័យកាលទំនើប ក្នុងសមាហរណកម្មអាស៊ាន។

ជាមួយគ្នានេះ លោក ថោង ខុន បានបន្តថា ក្រោមម្លប់នៃសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវទេសចរនៅក្នុងស្រុកក៏ មានការកើនឡើងយ៉ាងច្រើន ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទេសចរណ៍កំសាន្ត ក្នងប្រទេសដូចជានៅតំបន់ ប្រាសាទអង្គរ ឆ្នេរសមុទ្រ ខេត្តរតនគិរី, ខេត្តមណ្ឌលគីរី, ភាគពាយ័ព្យ នៅភាគនិរតី និងតំបន់ផ្សេងៗទៀតផងដែរ។ ជាពិសេសជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (អង្គរ សង្ក្រាន្ត) ដែលជាបុណ្យធំជាងគេ គឺកម្ពុជា ទទួលបានភ្ញៀវជាតិ ប្រមាណ៥លាននាក់។រីឯសម្រាប់ពិធីបុណ្យផ្សេងៗ ទៀត គឺទទួលបានចំនួនភ្ញៀវទេសជាតិច្រើនលាននាក់ផងដែរ៕