(ភ្នំពេញ)៖ លោក សុខ អឿន ដែលអះអាងថា ជាម្ចាស់ដីស្របច្បាប់មួយកន្លែងក្នុងខណ្ឌសែនសុខ បានប្តឹងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ទៅលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ដែលបានធ្វើរបាយការណ៍បំភ្លៃការពិត បំភ័ន្តថ្នាក់ដឹកនាំ។
លោក សុខ អឿន អាយុ៦៤ឆ្នាំ បានឲ្យដឹង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះថា លោកបានប្តឹងលោក សារិន វណ្ណា ពីបទរំលោភ និងបំពានអំណាចថ្នាក់លើរបស់ខ្លួន ដោយស្នើឲ្យអធិការកិច្ចក្រសួងរៀបចំដែនដី ស៊ើបអង្កេត លើចំណាត់ការរបស់លោក សារិន វណ្ណា ដែលបានធ្វើរបាយការណ៍បំភ្លៃការពិត បំភ័ន្តលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា តាមរបាយការណ៍លេខ៥០៥ ដនសស/រប ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ និងមន្ត្រីដែលសមគំនិតឃុបឃិតជាមួយគ្នា។
បើតាមលោក សុខ អឿន លោកគឺជាម្ចាស់កម្មសិទ្ធិលើដីមានទំហំ៩០ម៉ែត្រ គុណ៤៥ម៉ែត្រ មានទីតាំងស្ថិតនៅផ្លូវលេខ១៩៧៨ ភូមិភ្នំពេញថ្មី និងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបានលក់ដីទំហំ២៨៥០ម៉ែត្រការ៉េ ទៅឲ្យឈ្មោះ សុខ សាន្ត និងប្រពន្ធឈ្មោះ ចា ខា មានធ្វើកិច្ចសន្យាបញ្ជាក់បន្ថែមយ៉ាងច្បាស់ ក្នុងគោលបំណងកុំឲ្យមានទំនាស់ គឺភាគីត្រូវចំណាយដីរបស់ខ្លួនម្នាក់៥ម៉ែត្រ សម្រាប់ទុកធ្វើផ្លូវលេខ១៩៧៨។
ក្រោយពីភាគីទទួលប័ណ្ណកម្មសិទ្ធិ ដោយផ្តិតមេដៃទទួលយកប័ណ្ណ បែរជាឈ្មោះ សុខ សាន្ត មិនព្រមអនុវត្តតាមកិច្ចសន្យាទុកដីរបស់ខ្លួនម្នាក់៥ម៉ែត្រធ្វើផ្លូវទេ ព្រោះគេបានឃុបឃិតជាមួយមន្ត្រីសុរិយោដី បង្វែរផ្លូវមកចំដីរបស់លោក សុខ អឿន ទាំងអស់ធ្វើឲ្យដីរបស់លោក សុខ អឿន តូចមិនអាចសាងសង់លំនៅឋានបាន។ (ភ្ជាប់ឯកសារពាក្យបណ្តឹង)
ក្រោយមកទៀត ក្រសួងរៀបចំដែនដី តាមរយៈលិខិតលេខ៣៣៩២ ដនស/អរប/នរប ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សម្រេចឲ្យលោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដឹកនាំពិនិត្យលម្អិតជាមួយអគ្គាធិការដ្ឋាន និងមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ប៉ុន្តែក្រោយមកទៀត ស្រាប់តែនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ សាលារាជធានីភ្នំពេញ បានប្រជុំអំពីករណីនេះ ហើយឈានដល់សាលាខណ្ឌសែនសុខ ជូនដំណឹងអំពីការរុះរើសំណង់ និងរបង លើដីរបស់លោក សុខ អឿន តែម្តង។
លោក សុខ អឿន សម្តែងការងឿងឆ្ងល់អំពីចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលមើលរំលងលិខិតរបស់ក្រសួងរៀបចំដែនដី ដែលចាត់តាំងលោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ពិនិត្យករណីនេះ។ ពុំទាន់បានពិនិត្យសម្រេចបែបណាផង ស្រាប់តែតម្រូវឲ្យមានការរុះរើសំណង់ ស្របច្បាប់របស់លោកសុខ អឿន តែម្តង។
ជាចុងក្រោយ ម្ចាស់ដីស្របច្បាប់រូបនេះ សំណូមពរលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មេត្តាចាត់ក្រុមអធិការកិច្ចក្រសួង ដើម្បីធ្វើការស៊ើបអង្កេតលើលោក សារិន វណ្ណា និងបក្ខពួក ទាក់ទងនឹងភាពមិនប្រក្រតីចំពោះរបាយការណ៍លេខ៥០៥ ដនសស/រប ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ការមិនគោរពឋានានុក្រមថ្នាក់លើ រំលោភអំណាចថ្នាក់លើ និងការប្រជុំដោះស្រាយបញ្ហាពុំមានភាគីលោក សុខ អឿន ចូលរួម ព្រមទាំងសំណូមពរឲ្យដាក់ទណ្ឌកម្មផ្អាកការងារតាមទំហំ នៃកំហុសឆ្គងដ៏ធ្ងន់ធ្ងរនេះ។
អ្វីដែលជាចំណុចសំខាន់ គឺលោកសុខ អឿន ពុំដែលបានចូលរួមដោះស្រាយបញ្ហាដីធ្លីនេះឡើយ ស្រាប់តែស្ងាត់ៗមានការប្រជុំនៅសាលារាជធានីភ្នំពេញ ឈានដល់សាលាខណ្ឌសែនសុខ ជូនដំណឹងឲ្យវៃរបងតែម្ដង វាពិតជាអយុត្តិធម៌ណាស់។ យ៉ាងណាក៏ដោយ គិតត្រឹមល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ Fresh News មិនអាចសុំការបំភ្លឺពី លោក សារិន វណ្ណា បាននៅឡើយទេ៕