(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោក ជុង យុនគីល ប្រធានតំណាង ប្រចាំប្រទេសកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) ដើម្បីពន្លឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកូរ៉េ-កម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋកូរ៉េ និងជាពិសេសចំពោះអង្គការ KOICA នេះតែម្ដង ដែលកន្លងមកតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយក៏បានផ្ដល់នូវជំនួយជាច្រើន មកលើវិស័យសុខាភិបាល ជាក់ស្ដែងនៅក្នុងពេលកន្លងទៅនេះ បានសម្រេចនូវការជួសជុលអាគារ នៅក្នុងមន្ទីរពេទ្យកុមារជាតិ។

លោក ជុង យុនគីល បានលើកឡើងនូវគម្រោងមួយចំនួន ដែលក្រសួងសុខាភិបាល បានដាក់ស្នើសុំ ទៅអង្គការ KOICA ដែលទទួលបាននូវលទ្ធផលជាវិជ្ជមាន រួមមាន៖

* គម្រោងទី១៖ គម្រោងពាក់ព័ន្ធ ទៅនឹងកម្មវិធីចុះទៅផ្ដល់នូវសេវាផ្ទាល់ នៅតាមមូលដ្ឋានសុខាភិបាល ដែលពាក់ព័ន្ធទៅនឹងការគាំពារសុខភាពមាតា និងទារក នៅខេត្តដែលឆ្ងាយដាច់ស្រយ៉ាល់ ជាពិសេសគឺខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

លោកបានបញ្ជាក់ថា នៅក្នុងគម្រោងនេះ គឺអង្គការ KOICA បានពិនិត្យរួចហើយ និងសង្ឃឹមថា នៅចុងឆ្នាំ២០១៨នេះ នឹងទទួលបាននូវការអនុម័តនៅគម្រោងនេះ ហើយក៏មានការសង្ឃឹមយ៉ាងមុតមាំផងដែរថា គម្រោងនេះ នឹងអាចចាប់ផ្ដើមអនុវត្ដ ចាប់ពីឆ្នាំ២០១៩ តទៅ។

តំណាង KOICA បន្ដទៀតថា នៅក្នុងគ​ម្រោងនេះ មានការគាំទ្រទៅលើការអនុវត្ដកិច្ចការ នៃក្រុមគាំទ្រផ្នែកសុខភាព នៅតាមមណ្ឌលសុខភាព នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនោះ អង្គការ KOICA ក៏មានការដាក់នូវគម្រោងនោះផងដែរ រួមមាន៖ សាងសង់នៅមន្ទីរពេទ្យបង្អែក (សង់ជាអាគារថ្មី)។

ជាមួយគ្នានោះ ក៏មានការពិភាក្សាគ្នាបន្ដទៀត សម្រាប់ការអនុវត្ដគម្រោង នៅពេលដែលគម្រោងអនុម័តជាផ្លូវការ នៅចុងឆ្នាំ២០១៨ ខាងមុខនេះ។

* គម្រោងទី២៖ គឺជាគម្រោងថ្មី ស្ថិតនៅក្នុងគម្រោងរបសអង្គការ KOICA សម្រាប់ឆ្នាំ២០១៩-២០២០ ខាងមុខនេះ គឺគម្រោង ដែលក្រសួងសុខាភិបាល ជាពិសេសលោក ម៉ម ប៊ុនហេង ដែលលោកបានស្នើសុំទៅខាងអង្គការ KOICA ដើម្បីសាងសង់នៅអាគារសង្គ្រោះបន្ទាន់ នៅក្នុងបរិវេណនៃមន្ទីរពេទ្យខេត្តសៀមរាប។ គម្រោងនេះ រំពឹងថា នឹងមានការពិនិត្យ និងសម្រេចក្នុងឆ្នាំ២០១៩។

* គម្រោងទី៣៖ គឺជាគម្រោង ដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពសុខភាពសាកល ដែលគម្រោងនេះ អង្គការ KOCIA នឹងផ្ដោតទៅលើគម្រោងធំៗ៣ ទី១៖ ការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពនៃមន្ទីរពិសោធន៍, ទី២៖ពង្រឹង ដំណើរការ ក៏ដូចជាការអនុវត្ដកម្មវិធីចាក់ថ្នាំបង្ការ, និងទី៣៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស (គម្រោងនេះ នឹងគ្រោងអនុវត្ដនៅក្នុងឆ្នាំ២០២០) នៅពេលខាងមុខនេះ។

* គម្រោងទី៤៖ ការសាងសង់អាគារបន្ថែម នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ នឹងមានការជ្រើសរើស នៅក្រុមហ៊ុនសម្រាប់ការសាងសង់ ក្នុងពេលឆាប់ៗនេះ ដែលចាប់ផ្ដើមឆ្នាំក្រោយ។

* គម្រោងទី៥៖ គឺជាគម្រោងដែលពាក់ព័ន្ធ ទៅនឹងកិច្ចសហប្រតិបត្តិការ ដែលទាក់ទងទៅនឹងដៃគូ និងអង្គការផ្សេងទៀត ដោយក្នុងនោះ មានគម្រោងរួមមាន៖

ទី១៖ ការងារបណ្ដុះបណ្ដាល ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យសុខាភិបាល។
ទី២៖ កិច្ចសហប្រតិបត្ដិការ ទៅលើការធ្វើឲ្យប្រសើរឡើង ការថែទាំសុខភាព មាតា និងទារក, គម្រោងនេះ នឹងធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ។
ទី៣៖ ការគាំពារមាតា និងទារក និងអាហារូបត្ថម្ភ សម្រាប់ខេត្តកំពង់ស្ពឺ។
ទី៤៖ ការពង្រឹងនៅការអភិវឌ្ឍន៍នូវសមត្ថភាព សម្រាប់កិច្ចការថែទាំសុខភាពភ្នែក នៅខេត្ដសៀមរាប។
ទី៥៖ សុខភាពជនបទ ផ្នែកទៅលើសហគមន៍ និងធ្វើឲ្យប្រសើរឡើងនូវសុខភាពជនបទ ផ្នែកលើសហគមន៍ (ការរស់នៅស្អាត) នៅខេត្តសៀមរាប។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានសម្ដែងនូវអំណរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ចំពោះអង្គការ KOICA ដែលបានសម្រេច ធ្វើកិច្ចសហប្រតិបត្តិជាមួយក្រសួងសុខាភិបាល នៅគម្រោងធំៗទាំងនេះ ហើយសង្ឃឹមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងមានសមទ្ធិផលជាច្រើនទៀត ដែលនឹងលេចចេញរូបរាងឡើង នៅក្នុងវិស័យសុខាភិបាលកម្ពុជា៕