(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការថែរក្សាសុខសន្ដិភាព និងកសាងប្រទេសជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀត ។
លោកបានថ្លែងបែបនេះ ក្នុងពិធីដាក់សម្ពោធសាលាវិប្បសនាធុរៈ នៅវត្ដនទីសេដ្ឋា នៅឃុំស្យា ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ និងឆ្លៀតក្នុងឱកាសធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ផ្លូវរថភ្លើងទិសពាយ័ព្យ ពោធិ៍សាត់-ភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ស្អែកនេះ ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងបន្ដថា «បើគ្មានសន្ដិភាពសុខសន្ដិភាព យើងខ្ញុំគ្មានឱកាសកសាងធ្វើបាននោះទេ រួមទាំងផ្លូវដែក ដែលនឹងដាក់សម្ពោធនៅថ្ងៃទៅស្អែកនេះ ហើយបើគ្មានសុខសន្ដិភាព គ្មានឱកាសកសាង សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ទេ គ្មានឱកាសឲ្យអ្នកវិនិយោគទុន មកបណ្ដាក់ទុននៅកម្ពុជាទេ និងគ្មានការងារឲ្យកូនខ្មែរយើងធ្វើនោះដែរ និងគ្មានឱកាសយកកសិកផលយើង ទៅក្រៅប្រទេសនោះទេ ។ដូចនេះហើយ សូមអំពាវនាវដល់លោកតា លោកយាយ មីង ពូ អ្នកគ្រូលោកគ្រូទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយមុខគូសឲ្យគណបក្សណា ត្រូវសួរខ្លួនយើងថា តើគណបក្សណា ដែលនាំមកនូវសុខសន្ដិភាព ជូនកម្ពុជាយើង ហើយកសាងប្រទេសយើងឲ្យមានការអភិវឌ្ឍន៍ដ៏រីកចម្រើននេះ ដោយកុំផរខ្លួនឯងឲ្យសោះ ហើយខ្ញុំជឿជាក់ថា លោកតាលោកយាយឲ្យតែហ៊ានសួរខ្លួនឯង នឹងឆ្លើយថាគណបក្សប្រជាជនកម្ពុជា ជាអ្នកកសាងប្រទេសជាតិយើង ដោយគ្មានបក្សណាធ្វើឡើយមានតែសន្យាខ្យល់ប៉ុណ្ណោះ» ។
លោកបន្ដថា «បើខ្ញុំមានឱកាស និងឲ្យក្រុមការងាររបស់យើងនៃគណបក្សប្រជាជនកម្ពុជាបម្រើប្រជាពលរដ្ឋ និងចង់ឲ្យខេត្ដពោធិ៍សាត់ កាន់តែមានការអភិវឌ្ឍន៍កាន់តែប្រសើរជាងនេះទៅទៀត សូមបងប្អូនទៅចូលរួមបោះឆ្នោត ជូនបោះឆ្នោតជូនគណបក្សប្រជាជនជន ដែលមានលេខរៀងទី២០» ។
សូមជម្រាប ដើម្បីចូលរួមលើកកម្ពស់ព្រះពុទ្ធសាសនា លោកទេសរដ្ឋមន្ដ្រីស៊ុន ចាន់ថុល បានផ្ដល់ថវិកាមួយចំនួន ដើម្បីសាងសង់ សាលាវិបស្សនាធុរៈនេះ មានពីរអគារស្មើ១៤បន្ទប់ ចំណាយថវិកាប្រមាណ ៣២,៥០០ដុល្លារ ដែលបានកសាងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ចប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ៕