(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីម្នាក់ឈ្មោះ កែន ចន្ថា ដែលបានចាញ់បោកមេខ្យល់ បានបញ្ជូននាងទៅបម្រើការងារដោយខុសច្បាប់ នៅអារ៉ាប៊ីសាអូឌីត អស់រយៈពេលជាង៤ឆ្នាំដោយខុសច្បាប់។
ការផ្តល់កិច្ចអន្តរាគមន៍នេះ ឆ្លើយតបនឹងការទទូចស្នើសុំជំនួយពី ពលការនីខាងលើ នៅលើបណ្តាញសង្គម Facebook ដែលបានរៀបរាប់ពីដំណើរដើមទង នៃការដែលខ្លួនត្រូវបានចាញ់បោកមេខ្យល់មកធ្វើជាពលការិនីបម្រើការងារផ្ទះនៅអារ៉ាប៊ីសាអូឌីត ដោយរងការកេងប្រវ័ញ្ញកម្លាំងពលកម្ម ការធ្វើទុក្ខបុកម្នេញ ពីថៅកែ និងការមិនផ្តល់ប្រាក់បៀវត្សជាដើម។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះថា ពលការិនីរងគ្រោះខាងលើ មានការសប្បាយរីករាយយ៉ាងខ្លាំង ខណៈកំពុងនៅលើយន្តហោះធ្វើដំណើរពីទីក្រុងជុដះ ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះមកកាន់ទីក្រុងបាងកក ដើម្បីបន្តដំណើរត្រឡប់មកកម្ពុជា ដែលនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកក្កដាស្អែកនេះ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ពលការិនីខ្មែរ ឈ្មោះ កែន ចន្ថា មានទីលំនៅកំណើត ភូមិវត្តបូព៌ ឃុំសៀមរាប ស្រុក សៀមរាប ខេត្តសៀមរាប ដែលបានទៅធ្វើការបម្រើតាមផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត រយៈជាង៤ឆ្នាំ ដោយចាញ់បោកពួកមេខ្យល់ បានសុំឲ្យខ្ញុំ និងក្នុងនាមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយរំដោះនាងមកកម្ពុជាវិញនោះ នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៤ ខែកក្កដាស្អែក តាមជើងយន្តហោះ បាងកក PG»។
បើតាមលោក អូស្មាន ហាស្សាន់ នេះជានារីរងគ្រោះទី៤ហើយ ដែលលោកបានដោះស្រាយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នោះដោយសារតែ នៅប្រទេសអារ៉ាប់នោះ មិនទាន់មានស្ថានទូត ឬស្ថានកុងស៊ុលរាល់ការដោះស្រាយ បញ្ហាម្ដងៗមានការលំបាកយឺតយ៉ាវ។
សូមជម្រាបថា លើកទី១លោក បានសហការជាមួយទូតកម្ពុជា ប្រចាំនៅគុយវ៉ែតផង អេហ្ស៊ីបផង និងលើកទី២ ទី៣ ទី៤ សហការជាមួយទូតកម្ពុជា ប្រចាំនៅអេហ្ស៊ីប៕