(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីណែនាំពីការងារពង្រឹងមួយចំនួន និងរបៀបក្នុងការបោះឆ្នោតដើម្បីឲ្យបងប្អូនយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់។
នៅក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចលោកតែងតែនឹករលឹក គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាក រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ គឺសម្តេចតែងផ្តល់ជូននូវអំណោយជូនដល់ បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកស្រីបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាព កុំធ្វើចំណាកស្រុកខុសច្បាប់ ខិតខំបង្កបង្កើនផលឲ្យទាន់រដូវ អប់រំកូនចៅឲ្យខិតខំរៀនសូត្រ ដើម្បីជួយ អភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីចម្រើន នៅឲ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ចូលរួមថែរក្សានូវសុខសន្តិភាព ដូចសព្វថ្ងៃនេះឲ្យបាន ស្របតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺបានពង្រឹង និងធានាបានមកនូវសុខសន្តិភាពស្ថិរភាព នយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិ និងប្រជាជនយើង ចូលរួមអនុវត្តភូមិឃុំឲ្យបានល្អប្រសើរ និងត្រៀមឯកសារ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឲ្យបានគ្រប់ៗគ្នានៅថៃ្ងទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់បានប្តេជ្ញាទៅចូលរួមបោះឆ្នោត និងបោះឆ្នោតជូន សម្តេចតេជោហ៊ុន សែន ទទួលបានជ័យជំនះ ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុមរមនា និងឆ្ពោះទៅកាន់វឌ្ឍភាពដែលជាភាពសម្បូរ សប្បាយរុងរឿង ជារៀងរហូតតទៅអនាគត់៕