(ព្រះវិហារ)៖ នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួមជាមួយលោកស្រី ចឹក ហេង អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតគួង ឡូន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋដែលប្រសូត្របានកូនភ្លោះ៣ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសំដែងនូវការសារទរ រីករាយចំពោះគ្រួសារប្រជាពលរដ្ឋដែលប្រសូត បានកូនភ្លោះ៣ ហើយថែមទាំងមានសុខភាពល្អទាំងម្តាយទាំងកូន។

លោកអភិបាលខេត្តបានធ្វើការណែនាំឱ្យក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ថែទាំកូនភ្លោះទាំង៣នេះឱ្យបានល្អ និងបានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រសូតកូនភ្លោះទាំង៣នេះបានទទួលជោគជ័យ។

ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បាននាំយកនូវអំណោយជាសម្ភារ និងថវិការយកទៅប្រគល់ជូនដល់ក្រុមគ្រួសារកូនភ្លោះទាំង៣នេះផងដែ។

សូមបញ្ជាក់ថា កូនភ្លោះទាំង៣នេះ បានប្រសូត្រលើគ្រួសារ ប្រជាពលរដ្ឋរស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយនេះក៏ជាការប្រសូតកូនលើកទី៤ដែរ ដែលបានកូនភ្លោះ៣សុទ្ធតែប្រុសទាំងអស់៕