(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណីលក់ចែកចាយទឹកដោះគោម៉ាក Meiji ១កន្លែង នៅចំណុចផ្ទះលេខ៩៧ ផ្លូវ៦CC ភូមិចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារប្រព្រឹត្តបទល្មើសរំលោភសិទ្ធិផ្តាច់មុខ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងយោងតាមពាក្យបណ្តឹង
របស់ក្រុមហ៊ុនសូណាវិត្យ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរជាក់ស្តែង ដោយរកឃើញយ៉ាអួរម៉ាក Meiji ចំនួន៥៤០កំប៉ុង ទឹកដោះគោម៉ាក Meiji ចំណុះ២០០០មីលីលីត្រ ចំនួន៧១២ដប ទឹកដោះគោម៉ាក Meiji ចំណុះ៨៣០មីលីលីត្រ ចំនួន៣៤ដប ស្លាបព្រាម៉ាក Meiji ចំនួន៨.៥គីឡូក្រាម និងរថយន្តម៉ាកគាចំនួន១គ្រឿង។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យដកហូតយកមករក្សាទុក នៅនាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងឈ្មោះ ឃី ហួរស្រេង អាយុ៤៤ឆ្នាំ ដើម្បីបន្តនីតិវិធី៕