(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរុះរើសំណង់អគារចាស់ នៃអតីតរោងចក្រស័ង្ខសីបូព៌ា ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២ តំបន់ចក្រអង្រែលើ ដើម្បីយកទីតាំងសម្រាប់ការសាងសង់ អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា កម្ពស់​៧ជាន់ ដ៏ថ្មីស្រឡាងមួយ ដែលគ្រោងនឹងសាងសង់ឲ្យរួចរាល់ នៅក្នុងរយៈពេល​១៨ខែ ពោលគឺនៅចុងឆ្នាំ២០១៩ ខាងមុខ។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានអញ្ជើញក្នុងពិធីនេះ បានថ្លែងឲ្យដឹងថា អគារមជ្ឈមណ្ឌលមន្ទីរ​ ពិសោធន៍ស្តង់ដារកម្ពុជា កម្ពស់ ៧ជាន់​ ដែលនឹងត្រូវសាងសង់​ លើទីតាំងនៃដីអតីតរោងចក្រស័ង្ខសីបូព៌ា គឺជាសមទ្ធិផលថ្មីមួយជាប្រវត្តិសាស្រ្ត សម្រាប់វិស័យស្តង់ដារកម្ពុជា ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សព្វថ្ងៃវិស័យស្តង់ដារនៅកម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងលឿន គួរឲ្យកត់សម្គាល់ ជាក់ស្តែង​គិតត្រឹមដំណាច់ឆ្នាំ២០១៧ ស្តង់ដារផលិតផលចំនួន ៨៦៨ ត្រូវបានអនុម័តដាក់ឲ្យអនុវត្ត ឆ្លើយតបយ៉ាងឆាប់រហ័ស នៅនឹងសំណូមពរប្រើប្រាស់ និងការលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងលើទីផ្សារ ហើយចំនួននេះមានសន្ទុះកើនឡើង រហូតដល់ទៅ​២៣ដង ក្នុងរយៈពេល​៥ឆ្នាំ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ដែលមានត្រឹមតែ ៣៨ស្តង់ដារតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកការពង្រឹងស្តង់ដារគុណភាពផលិតផលទំនិញ គឺជាកាត្វកិច្ច និងជាការងារអាទិភាព មួយរបស់ក្រសួង ដើម្បីការពារផលប្រយោជន៍​សេដ្ឋកិច្ចជាតិ ក្នុងពេលដែលយើងត្រូវជំនះ​របាំងបច្ចេកទេស សម្រាប់គោលដៅនៃការធ្វើពិពិធកម្មទីផ្សារ ផលិតផលរបស់យើង។

គួរបញ្ជាក់​ថា អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ស្តង់ដារកម្ពុជា នឹងលេចរូបរាង នាពេលខាងមុខដ៏ខ្លីនេះ គឺចំបរិបថដែលប្រទេសកម្ពុជា កំពុងបោះជំហានជាវិជ្ជមាន លើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យនេះបានក្លាយជាសរសរស្តម្ភ​មួយ យ៉ាងសំខាន់ និងរឹងមាំ រួមចំំណែកក្នុងកំណើតសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ​ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកចក្រកម្ពុជា ដែលនឹងនាំប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕