(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាគណៈឱសថការីជាតិ សម្រាប់អាណត្ដិទី២ ដែលត្រូវបានជាប់ឆ្នោត ជ្រើសរើស សមាសភាពក្នុងមហាសន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីបន្ដដឹកនាំការងាររបស់គណៈឱសថការីកម្ពុជា ក្នុងទូទាំងប្រទេសកម្ពុជា។
ពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាគណៈឱសថការីជាតិ សម្រាប់អាណត្ដិទី២ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោក បាន បុត្ដា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្ដិទី២, លោកសាស្ដ្រចារ្យ ជូ មុនីដារិន និងក្រុមប្រឹក្សាគណៈឱសថការីជាតិ សម្រាប់អាណត្ដិទី២ ជាច្រើនរូប នាទីស្តីការក្រសួងសុខាភិបាល។
ថ្លែងនៅក្នុងពិធីនោះ លោក ម៉ម ប៊ុនហេង បានកោតសរសើរដល់ក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលកន្លងមកបានខិតខំ ធ្វើការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីលើកស្ទួយវិស័យឱសថសាស្ដ្ររបស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក បានបន្ថែមទៀតថា «យើងបានជ្រើសរើសនូវតំណាង និងថ្នាក់ដឹកនាំគណៈឱសថការីកម្ពុជា នៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ព្រមទាំងភូមិភាគ សម្រាប់ដឹកនាំអាណត្ដិថ្មីនេះបន្ដទៀត ដែលត្រូវបន្ដការងារអាណត្ដិទីចាស់ ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធិ ពីដៃគូដែលមានទាំងស្ថាប័នរដ្ឋ-ឯកជន និងក្រុមហ៊ុននានា ដើម្បីពង្រីកវិសាលភាព និងពង្រឹងសកម្មភាព ឲ្យបានកាន់តែខ្លាំងក្លាគ្រប់តំបន់ គ្រប់ខេត្តនៃកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងទៀតថា «ខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាគណៈឱសថជាតិ សម្រាប់អាណត្ដិទី២នេះ នឹងខិតខំបំពេញការងារភារកិច្ច ឲ្យកាន់តែល្អប្រសើរ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង ចែករំលែកនូវបទពិសោធន៍ការងារ និងចំណេះដឹង រវាងឱសថការីជាសមាជិកឲ្យបានកាន់តែទូលំទូលាយ»។
បើតាមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្ដិទី២ បានឲ្យដឹងថា ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្ដិទី២ ត្រូវបានទទួលស្គាល់សមាភាព ដោយអនុក្រឹត្យលេខ ១១៤ អនុក្រ.តត ចុះថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោត របស់មហាសន្និបាតរបស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។
ជាមួយគ្នានោះ គណៈឱសថការីកម្ពុជា ក៏បានសំណូមពរ ដល់ក្រសួងសុខាភិបាល បន្ដអនុញ្ញាតឲ្យឱសថការីដែលជាមន្ដ្រីរាជាការ អាចឈរឈ្មោះឲ្យក្រុមហ៊ុនបន្ដទៀតបាន និងស្នើសុំវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងឱសថ ដើម្បីអនុញ្ញាតឲ្យឱសថការីជាមន្ដ្រីរាជការ បានឈរឈ្មោះឲ្យឱសថស្ថាន គ្រឹះស្ថានឱសថ នាំចេញនាំចូល -ល-៕